រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញៈ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។ ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាប្រាប់ AMS នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅមុនដំណើរមកដល់របស់រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលីឯកឧត្តមឧត្តមសេនីយ៍ឯក យឹមលាង អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានជួបជាមួយលោកAnthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទទួលការងារសន្តិសុខ និងលោក Neil Sharpe លេខាស្ថានទូតនៅថ្ងៃទី ០១ ខែ វិច្ឆិកាឆ្នាំ ២០២១។ 

កិច្ចជំនួបបានពិភាក្សាការងារការពារសន្តិសុខ សុវត្ថិភាព ក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយលោកជំទាវMarise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី ដែលនឹងត្រូវមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលី ក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញ សម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២៕ 

ដោយៈ​ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner