រដ្ឋមន្ត្រីការបរទេស ស.អា.រ និងចិនឆ្លៀតជួបគ្នា អំឡុងកិច្ចប្រជុំ G-20

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនកែន និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​មួយ អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន ២០ ឬ G-20 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ប្រភព​ពី​ក្រសួង​ការបរទេស​អាមេរិក បាន​ចុះ​ផ្សាយ​ពី​ជំនួប​រវាង​លោក​ទាំង​ពីរ ហើយ​បាន​រៀបរាប់​សង្ខេប​ៗ​ថា ប្រធាន​បទ​ដែល​យក​មក​ពិភាក្សា​មាន​រឿង​ជា​ច្រើន​​រាប់​ចាប់​តាំង​ពី​បញ្ហា​ពិភពលោក​រួម​មាន​ បញ្ហា​អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង និង​មីយ៉ាន់ម៉ា ក៏​ដូច​ជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន ដែល​រាប់​បញ្ចូល​នឹង​រឿង​តៃវ៉ាន់​ជា​ដើម។

ចំណែក​ឯ​ខាង​ចិន​វិញ សារព័ត៌មាន​រដ្ឋ​ស៊ីនហួរ ចុះ​ផ្សាយ​យ៉ាង​ច្រើន ជាពិសេស​ទៅ​លើ​បញ្ហា​តៃវ៉ាន់​តែ​ម្ដង។ លោក វ៉ាង យី ជំរុញ​ឱ្យ​ភាគី​អាមេរិក​បញ្ឈប់​នូវ​ការ​គាំទ្រ គំនិត​ «តៃវ៉ាន់​ឯករាជ្យ» ហើយ​គោរព​គោលនយោបាយ «ចិន​តែ​មួយ» ឱ្យ​បាន​ពិត​ប្រាកដ ជា​ជាង​គោរព​បាន​តែ​មាត់ ហើយ​ដល់​ពេល​អនុវត្ត​មិន​បាន​ពេញលេញ។

ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ចុះ​ផ្សាយ​ដោយ​រ៉យទ័រ ​ខាង​អាមេរិក​បាន​បញ្ជាក់​ត្រង់ៗ​ថា អាមេរិក​ប្រឆាំង​នឹង​សកម្មភាព​ឯកតោភាគី​របស់​ចិន​ក្នុង​ការ​ផ្លាស់​ប្ដូរ​បច្ចុប្បន្ន​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

បន្ថែម​ពី​នេះ​ទៀត​ ភាគី​​ចិន បាន​លើកឡើង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាមេរិក​មាន​ភាព​ល្អក់កករ​ដោយសារ​តែ​អាមេរិក​ដើរ​គោលនយោបាយ​ខុស ដោយ​អនុម័ត​ប្រមាណ ៣០០ច្បាប់​ប្រឆាំង​ចិន និង​ដាក់​ទណ្ឌកម្ម​ស្ថាប័ន និង​ក្រុមហ៊ុន​សរុបចំនួន​ ៩០០។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​ជាមួយ​គ្នា​ថា នឹង​ជជែក​គ្នា​ត​ទៅ​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វេភាគី​នានា និង​បញ្ហា​ពិភពលោក៕

ប្រភព៖ news.cn

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner