អ្នកវិទ្យាសាស្ត្រកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រោះថ្នាក់របស់វ៉ារ្យ៉ង់រង AY.4.2
មន្ត្រីសុខាភិបាល និងអ្នកវិទ្យាសាស្ត្រ នានា កំពុងតាមដានយ៉ាងដិតដល់នូវការបំប្លែងខ្លួនរបស់វ៉ារ្យ៉ង់ថ្មី AY.4.2 ក្រោយមានការព្រួយបារម្ភថា វាអាចចម្លងបានច្រើនជាងប្រភេទដើម។
វ៉ារ្យ៉ង់រងរបស់វ៉ារ្យ៉ង់ដែលតា គេឱ្យឈ្មោះថា AY.4.2 ត្រូវបានរកឃើញនៅក្នុងប្រទេសរាប់សិបជុំវិញពិភពលោក ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស។អង្គការសុខភាពពិភពលោក (WHO) បានធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនក្នុងសប្តាហ៍នេះថា៖ «មានការកើនឡើងនៃការរាតត្បាត វ៉ារ៉្យង់រង AY.4.2 គិតចាប់តាំងពីខែកក្កដាមក»។
ប្រភពដដែលបានឱ្យដឹងថា ៩៣ ភាគរយនៃករណីវ៉ារ៉្យង់ AY.4.2 ទាំងអស់ត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស ដែលវ៉ារ៉្យង់នេះបានរួមចំណែកបន្តិចម្តងៗដល់សមាមាត្រនៃការឆ្លងកាន់តែច្រើន ឬមាន ចំនួនប្រហែល ៥,៩ ភាគរយនៃករណីកូវីដឆ្លងដោយវ៉ារ៉្យង់ដែលតាទាំងមូល ដែលបានរាយការណ៍នៅកាលពីដើមសប្ដាហ៍ នៃខែ តុលា។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបានបន្ថែមថា៖ «ការសិក្សាអំពីរោគរាតត្បាត និងមន្ទីរពិសោធន៍កំពុងបន្ត ហើយក៏កំពុងវាយតម្លៃថាតើការបម្លែងនៃវ៉ារ៉្យង់អាចនឹងបង្កើន ឬបន្ថយថយចុះនៃឥទ្ធិពលនៃអង្គបដិប្រាណ ដើម្បីកំចាត់មេរោគ ឬ យ៉ាងណា»។
ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) កាលពីសប្តាហ៍មុន បានដាក់ស្លាកលើវ៉ារ៉្យង់រង AY.4.2 ថាជា «វ៉ារ្យ៉ង់កំពុងស៊ើបអង្កេត» ប៉ុន្តែទោះបីជា មានការរីករាលដាលយ៉ាងណា ក៏ដោយ ក៏វាមិនទាន់ត្រូវបានដាក់ស្លាកថាជា «វ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភ» នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា វ៉ារ្យ៉ង់រងគឺជាការវិវត្តនៃវ៉ារ្យ៉ង់ដែលតា ដែលអាចចម្លងមេរោគខ្ពស់។ អ្នកវិទ្យាសាស្ត្រ បានរកឃើញ ការផ្លាស់ប្តូរចំនួនបី រួមទាំងពីរនៅក្នុងប្រូតេអ៊ីន spike ដែលជាផ្នែកនៃមេរោគ ដែលអនុញ្ញាតឱ្យវាភ្ជាប់ និងឈ្លានពានកោសិការបស់រាងកាយ។
មេរោគថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៤២។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក រួមទាំងចក្រភពអង់គ្លេស ឥណ្ឌា អ៊ីស្រាអែល សហរដ្ឋអាមេរិក និងរុស្ស៊ី។
បម្រែបម្រួលវ៉ារ៉្យង់រងនេះ អ្នកខ្លះដាក់ឈ្មោះថា ដែលតាបូក មានការផ្លាស់ប្តូរ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ការរស់រានមានជីវិតរបស់មេរោគជាងវ៉ារ្យ៉ង់ផ្សេងទៀត។ កាលពីមុន វ៉ារ្យ៉ង់នេះ បានជំរុញឱ្យមានការកើនឡើងថ្មីនៅក្នុងករណីនៃមេរោគឆ្លង។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានកត់សម្គាល់ថា វ៉ារ៉្យង់រង AY.4.2 មិនអាចរីកពាសពេញប្រទេស ដែលគេរាយការណ៍នោះទេ។
វេជ្ជបណ្ឌិត អ្នកស្រី Roselyn Lemus-Martin ទទួលបណ្ឌិតផ្នែកជីវវិទ្យាសិក្សាលើម៉ូលេគុល និងកោសិកាពីសាកលវិទ្យាល័យ Oxford បានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «បច្ចុប្បន្ននេះ មេរោគនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសមួយចំនួនទៀត ប៉ុន្តែវាមិនទាន់លេចធ្លោនៅឡើយទេ»។
អ្នកស្រី បានបន្ថែមថា៖ «វាអាចទៅរួច ដែលយើងឃើញស្ថានភាពស្រដៀងនឹង វ៉ារ៉ង្យឡាំដា នៅពេលចាប់ផ្តើម ប្រជាជនមានការព្រួយបារម្ភ ប៉ុន្តែនៅទីបំផុតវត្តមានរបស់វាត្រូវបានថយចុះនៅកន្លែង ដូចជា សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស»។
អ្នកជំនាញក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្តូរស្រដៀងគ្នានេះ ត្រូវបានគេឃើញនៅក្នុងវ៉ារ្យ៉ង់ផ្សេងទៀត និងពូជពង្សផ្សេងទៀតនៃវ៉ារ្យ៉ង់ដែលតា ពោលគឺមិនសូវមានឥទ្ធិពលធំដុំពេកនោះទេ។
អ្នកស្រី Maria Van Kerkhove អ្នកឯកទេសរោគរាតត្បាតរបស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសម័យប្រជុំសាធារណៈមួយកាលពីដើមខែ តុលា ថា វ៉ារ្យ៉ង់ដីសណ្តនៅតែជា «វ៉ារ្យ៉ង់លេចធ្លោបំផុតទាក់ទិនការរាតត្បាតជាសកល»។
យ៉ាងណាមិញ គេនៅតែមិនទាន់អាចកំណត់ឱ្យច្បាស់ថា វាអាចឆ្លងបានច្រើនជាងនេះ ឬ ថាតើវាមានសមត្ថភាពគេចផុតពីភាពស៊ាំជាសហគមន៍ណាមួយ ដែលយើងមានតាមរយៈការចាក់វ៉ាក់សាំងនោះទេ។ នេះបើតាមឱ្យដឹងពី លោកវេជ្ជបណ្ឌិត Patrick Tang ប្រធានផ្នែកវិទ្យាសាស្ត្ររោគវិទ្យានៅ Sidra Medicine ក្នុងប្រទេសកាតា ប្រាប់សារព័ត៌មាន Al Jazeera ។
អ្នកជំនាញ ក៏បានព្រមានថាការរីករាលដាលនៃវ៉ារ្យ៉ង់ អាចជាលទ្ធផលនៃកត្តាមួយចំនួន រួមទាំងវិធានការសុខភាពសាធារណៈ ដែលកំណត់ដោយរដ្ឋាភិបាល ឬការប្រកាន់ខ្ជាប់នូវវិធានការទាំងនោះផងដែរ។

ប្រភព៖ Aljazeera