ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ព
ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ពយើង ព្រមទាំងបាននិងបន្តផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយជីវភាព កងទ័ពឱ្យបានល្អប្រសើរ។ ជាមួយគ្នាដែរ សូមកោត សរសើរនិងថ្លែងអំណរគុណស្ថាប័ន-អង្គភាពសម្ព័ន្ធមេត្រីភាព, បណ្តាក្រសួង-ស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល ហ្វឹកហ្វឺន កងទ័ពជើងគោក ក្នុងបុព្វហេតុនៃការជ្រោមជ្រែងដល់ខឿនអប់រំបណ្តុះបណ្តាល កងទ័ពនៃកងយោធ ពលខេមរភូមិន្ទ។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលាហ្វឹកហ្វឺន គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់កងទ័ព ក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយត្រូវការជាចាំបាច់នូវធាតុផ្សំសំខាន់ៗពីរ៖ ទី(១) គឺជាធាតុរឹង សំដៅលើហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់នានា និងទី(២) គឺជាធាតុទន់ ហើយជាធាតុចាំបាច់ជាទីបំផុត ព្រោះសំដៅ ទៅលើគុណភាពនៃកម្មវិធីសិក្សា, សមត្ថភាពរបស់យោធាចារ្យ និងគុណភាពរ បស់គណៈគ្រប់គ្រងប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយមានវិន័យតឹងរឹង ក៏ដូចជាគុណភាពនៃ សិក្ខាកាមដែលចូលរួមវគ្គ ហ្វឹកហ្វឺនដើម្បីក្រេបជញ្ជក់នូវចំណេះដឹងយកទៅបម្រើអង្គភាព និងជាផលដល់អនាគតផ្ទាល់ខ្លួន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជួយកសាង លើកកម្ពស់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឲ្យកាន់តែរឹងមាំ រីកចម្រើន ហើយធានា បាននូវគុណភាពនៃបរិមាណ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនីមួយៗ ហើយបន្សល់ជា កេរដំណែលយូរឆ្នាំដល់កូនចៅជំនាន់ក្រោយៗទៀត។
ឯកឧត្តមក៏បានអបអរសាទរ និងជូនពរដល់នាយទាហាន ដែលទទួលភារកិច្ចថ្មីក្នុងការដឹកនាំអង្គភាពឱ្យកាន់តែមានភាពជោគជ័យដែលជាការចូលរួមចំណែកក្នុងការ ជួយ កសាងភាពរឹងមាំរបស់កងទ័ព ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសដល់នាយទាហានក្នុងការចូលរួមដឹកនាំពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ឱ្យបានរឹងមាំ និងរីកចម្រើន ធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងការពារជាតិមាតុភូមិរបស់យើង។ ម្យ៉ាងវិញទៀត នេះក៏ជាការ ទទួលបាននូវឱកាសក្នុងការបង្កើតស្នាដៃសម្រាប់ឱ្យអ្នកជំនាន់ក្រោយមានការចងចាំ និងដើម្បីបង្ហាញសមត្ថភាពដឹកនាំការងារទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អ ក្នុងការអភិវឌ្ឍអាជីពការងារបន្តរទៅទៀត។ ដូច្នេះហើយ សូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុងអង្គភាពឱ្យបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុងជាកត្តាចាំបាច់ណាស់ ក្នុងការកសាងស្ថាប័ន-អង្គភាពឈានទៅកាន់វឌ្ឍនភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមនាយហាន នាយទាហានរង ពលទាហានគ្រប់ ជាន់ថ្នាក់ បន្តអនុវត្តតាមវិធាន ៣កុំ ៣ការពារ និងរាល់វិធានសុខា ភិបាលទាំងឡាយក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ហើយទាមទារឱ្យមានភាពម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុង ការថែរក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ សហគមន៍ និងអង្គភាពពីការរាតត្បាត និងផលប៉ះពាល់នៃជំងឺនេះ៕
ដោយៈពលជ័យ