អ្នកជំនាញ៖ ការប្រណាំងប្រជែងលើមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន ស.រ.អា និងរុស្ស៊ី ប្រថុយនឹងការដើរខុសផ្លូវផ្នែកយោធា
អ្នកជំនាញខាងសន្តិសុខព្រមានថា ការកើនឡើងនៃការប្រណាំងប្រជែង «មីស៊ីលល្បឿនលឿនជាងសំឡេង» (Hypersonic missile) រវាងចិន សហរដ្ឋអាមេរិក និងរុស្ស៊ី បង្កើនហានិភ័យនៃការវិនិច្ឆ័យខុសដែលអាចនាំឱ្យមានជម្លោះផ្នែកយោធា។
ការវាយតម្លៃរបស់អ្នកជំនាញនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសអាសន្នឆ្លើយតបនឹងរបាយការណ៍ថា ប្រទេសចិនបានធ្វើតេស្តអាវុធចំនួនពីរដែលអាចធ្វើដំណើរក្នុងល្បឿនលឿនជាងប្រាំដងកាលពីខែកក្កដា និងខែសីហាកន្លងទៅនេះ។ ក្រសួងការបរទេសចិនបដិសេធរបាយការណ៍នេះ ហើយនិយាយថា ប្រតិបត្តិការនេះគឺជាការហោះហើរសាកល្បងជាប្រចាំ ក្នុងគោលបំណងកែច្នៃយានអវកាសឡើងវិញ ដើម្បីកាត់បន្ថយការចំណាយលើការរុករក។
ឧត្តមសេនីយ៍កងទ័ពអាម៉េរិកលោក Mark Milley និយាយថា ការសាកល្បងនេះធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង និងប្រៀបដូចជាវិបត្តិ Sputnik ដែលកើតឡើងនៅឆ្នាំ ១៩៥៧ នៅពេលផ្កាយរណប Sputnik ១ របស់សហភាពសូវៀតដែលមានផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោកត្រូវបានបង្ហោះ ធ្វើឱ្យសូវៀតក្លាយជាអ្នកនាំមុខគេលើទីអវកាសនាពេលនោះ។
លោក Gregory Hayes នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Raytheon ឯកទេសខាងអភិវឌ្ឍន៍ និងផលិតរ៉ាដា និងឧបករណ៍ចាប់សញ្ញាអេឡិចត្រូអុបទិក និយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើរក្រោយប្រទេសចិនក្នុងការផលិតនិងអភិវឌ្ឍន៍បច្ចេកវិទ្យា។
ចិនសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ខណៈពេលដែលប្រទេសរុស្ស៊ីចូលរួមក្នុងការប្រណាំងសព្វាវុធដូចគ្នានេះនៅឆ្នាំ ២០១៦ ជាមួយនឹងការសាកល្បងចំនួនពីរដងនៃយានជំនិះដែលមានឈ្មោះថា Avangard ។ ចាប់តាំងពីពេលនោះមក ក្រុងប៉េកាំងធ្វើការសាកល្បងដោយជោគជ័យជាច្រើនដងនៃមីស៊ីល DF-17 ដែលជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម រចនាឡើងដើម្បីបាញ់បង្ហោះយានដែលមានល្បឿនលឿនជាងសំឡេង។
ចំណែកឯសហរដ្ឋអាម៉េរិកវិញ បានចាប់ផ្ដើមអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេងរបស់ខ្លួនយ៉ាងសកម្មតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មកម្ល៉េះ ទោះបីជាការផ្តល់មូលនិធិរងការរារាំង និងសម្ពាធក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស្រាវជ្រាវសភារបស់រដ្ឋាភិបាលអាម៉េរិក។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងមន្ទីរបញ្ចកោណនិងសភា បានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍន៍ និងការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាដែលផលិតដោយរុស្ស៊ី និងចិន។ សំណើថវិកាចុងក្រោយបំផុតរបស់មន្ទីរបញ្ចកោណសម្រាប់ការស្រាវជ្រាវអាវុធប្រភេទនេះមានរហូតដល់ ៣,៨ ប៊ីលានដុល្លារ កើនឡើងពី ៣,២ ប៊ីលានដុល្លារកាលពីឆ្នាំមុន។
លោក Zhao Tong សមាជិកជាន់ខ្ពស់នៃកម្មវិធីគោលនយោបាយនុយក្លេអ៊ែរនៃ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយថា៖ «ប្រទេសចិនវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យារបស់ខ្លួន ហើយសហរដ្ឋអាមេរិកមានការសង្ស័យពីចេតនារបស់ចិន និងមានអារម្មណ៍ថាមានការគំរាមកំហែង។ វាក៏អាចជំរុញសហរដ្ឋអាមេរិកឱ្យពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ខ្លួន»។
លោក Zhao បន្តថា៖ «ហានិភ័យនៃការប្រណាំងសព្វាវុធបែបនេះក៏សម្បើមដែរ ដោយសារអាវុធដែលមានល្បឿនលឿនជាងសំឡេងនាំឱ្យមានភាពមិនច្បាស់លាស់ខាងបច្ចេកវិទ្យាជាងបើធៀបនឹងមីស៊ីលផ្លោងធម្មតា ដែលនឹងបង្កើនលទ្ធភាពនៃការវិនិច្ឆ័យខុស និងប្រតិកម្មខ្លាំងពេកក្នុងអំឡុងពេលជម្លោះយោធា»។
លោក Zhao និយាយថា ការសាកល្បងអាវុធល្បឿនលឿនជាងសំឡេងរបស់ចិន រួមជាមួយនឹងរបាយការណ៍របស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកកាលពីខែកក្កដាដែលនិយាយថាចិនមានមីស៊ីលនុយក្លេអ៊ែរក្រោមដីប្រហែល ២៥០គ្រាប់កំពុងសាងសង់ បង្កឱ្យមានការព្រួយបារម្ភនៅសហរដ្ឋអាមេរិកដែលថា ទីក្រុងប៉េកាំងកំពុងបង្វែរខ្លួនចេញពីយុទ្ធសាស្ត្រនុយក្លេអ៊ែររយៈពេលជាច្រើនទសវត្សរ៍ដោយសារមានការរារាំង។
លោកនិយាយថា៖ «រដ្ឋបាលលោកបៃដិនចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ដោយសារការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ហើយនិងរបាយការណ៍ដែលថាចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន រួមទាំងការណែនាំបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យសហរដ្ឋអាមេរិកមានភាពតានតឹង និងព្រួយបារម្ភអំពីការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង»។ លោកបន្ថែមថា ក្តីបារម្ភទាំងនេះ នឹងក្លាយជាកត្តាក្នុងការអភិវឌ្ឍន៍គោលនយោបាយនុយក្លេអ៊ែរថ្មីរបស់ក្រុងវ៉ាស៊ីនតោន។
លោក Vipin Narang សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញការរីកសាយនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និយាយប្រាប់កាសែត The Guardian ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនភ្ញាក់ឡើង ហើយដឹងថាហានិភ័យនៃសង្រ្គាមធម្មតាជាមួយសហរដ្ឋអាមេរិកគឺខ្ពស់ជាងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ឬ ៦០ ហើយសហរដ្ឋអាមេរិកមានអត្ថប្រយោជន៍នុយក្លេអ៊ែរដ៏ធំដែលវាអាចប្រើដើម្បីការពារប្រទេសចិនពីការកើនឡើងនៃជម្លោះ»។
លោកបន្ថែមថា ចិនដឹងថាខ្លួនចាំបាច់ត្រូវប្រកួតប្រជែងជាមួយអាម៉េរិក ដើម្បីបញ្ឈប់ប្រទេសនេះនៅកម្រិតនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដើម្បីមានសមត្ថភាពដែលអាចផ្តល់ឱ្យអាម៉េរិកផ្អាកមុនពេលដែលអាម៉េរិកប្រើអាវុធនុយក្លេអ៊ែរជាដំបូងក្នុងជម្លោះធម្មតា។
ចិនគូសបញ្ជាក់អំពីគោលនយោបាយនុយក្លេអ៊ែរ «គ្មានការប្រើប្រាស់មុនគេ» របស់ខ្លួននៅក្នុងឯកសារគោលជំហរដែលចេញផ្សាយក្នុងខែនេះ ហើយនិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរគួរតែបោះបង់ចោលគោលនយោបាយទប់ស្កាត់ជាមុន ទាំងលើកឡើងទៀតថា៖ «សង្រ្គាមនុយក្លេអ៊ែរមិនអាចឈ្នះបានទេ ហើយមិនត្រូវធ្វើសង្គ្រាមឡើយ»។
ប៉ុន្តែលោក Zhao និយាយថា ការសង្កត់ធ្ងន់របស់ចិនលើសមត្ថភាពឆ្លើយតបរហ័ស អាចមានន័យថាមានពេលវេលាតិចសម្រាប់ថ្នាក់ដឹកនាំយោធាក្នុងការវិភាគព័ត៌មាន ដែលជាអ្វីដែលអាចបង្កឱ្យមានការវិនិច្ឆ័យខុស។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Raytheon លោក Hayes និយាយថា៖ «យើងនឹងមានអាវុធដើម្បីតទល់នឹងសត្រូវ ប៉ុន្តែអ្វីដែលសំខាន់បំផុតខ្ញុំគិតថា ការផ្តោតរបស់យើងគឺរបៀបដែលយើងអភិវឌ្ឍអាវុធប្រឆាំងនឹងមីស៊ីលល្បឿនលឿនជាងសម្លេង។ នោះហើយជាកន្លែងដែលបញ្ហាប្រឈមនឹងកើតឡើង»។
លោក Wu Riqiang សាស្ត្រាចារ្យកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និយាយថា ខណៈពេលដែលការប្រណាំងសម្រាប់ប្រព័ន្ធការពារមីស៊ីលកំពុងដំណើរការ សហរដ្ឋអាមេរិកកំពុងពន្លឿនអាវុធល្បឿនលឿនជាងសំឡេង។
លោកនិយាយថា ប្រសិនបើចិនបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយនុយក្លេអ៊ែរ ជាមួយនឹងប្រព័ន្ធទម្លាក់គ្រាប់បែកតាមគន្លងប្រភាគដូចដែលកាសែត Financial Times រាយការណ៍ដោយស្រង់សម្ដីប្រភពជាអនាមិកកាលពីពាក់កណ្ដាលខែមុននោះ មានន័យថាក្រុងប៉េកាំងអនុវត្តគំនិតផ្តួចផ្តើមក្នុងការប្រកួតប្រជែងដើម្បីបំបែកប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក។
ការអភិវឌ្ឍន៍អាវុធមានល្បឿនលឿនជាងសំឡេង គឺជាបញ្ហាប្រឈមសម្រាប់បច្ចេកវិទ្យាការពារមីស៊ីលដែលមានស្រាប់ ដោយសារតែភាពបត់បែនរបស់អាវុធប្រភេទនេះលឿនជាងសំឡេងរហូតដល់ ៥ដង ក៏ដូចជាសមត្ថភាពរបស់វាក្នុងការធ្វើដំណើរក្នុងរយៈកម្ពស់ទាបជាងមីស៊ីលផ្លោងធម្មតា។

ប្រភព៖ SCMP