អាមេរិកបើកយន្តហោះទម្លាក់គ្រាប់បែកនៅមជ្ឈិមបូព៌ា ដើម្បីបង្ហាញកម្លាំងដល់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក អមដោយយន្តហោះចម្បាំងមកពីសម្ព័ន្ធមិត្តរួមទាំងអ៊ីស្រាអែល ហោះហើរលើផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា ជាកន្លែងដែលនាវាកងទ័ពជើងទឹកអាមេរិក និងអ៊ីរ៉ង់ប្រឈមមុខដាក់គ្នា។
បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឬ Centcom និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ថា យន្តហោះធុន B-1B Lancer ហោះឆ្លងកាត់ឈូងសមុទ្រពែរក្ស ច្រក Bab al-Mandeb ព្រែកជីកស៊ុយអេ និងឈូងសមុទ្រ Oman។ វាក៏បានហោះពីលើច្រកសមុទ្រ Hormuz ដែលជាចំណុចទាញប្រេងដ៏ធំមួយដែលអ៊ីរ៉ង់ចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រនៃឥទ្ធិពល។
បញ្ជាការរដ្ឋាន Centcom លើកឡើងថា៖ «បេសកកម្មរបស់ក្រុមទម្លាក់គ្រាប់បែក មានគោលបំណងដើម្បីបញ្ជូនសារបញ្ជាក់ឱ្យបានច្បាស់លាស់»។ យន្តហោះចម្បាំងមកពីអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងបារ៉ែន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកអាមេរិកនៅលើដែនអាកាសរៀងៗខ្លួន។ យន្តហោះចម្បាំងរបស់អេហ្ស៊ីបក៏អមដំណើរយន្តហោះទម្លាក់គ្រាប់បែកលឿនជាងសំឡេង B-1B ផងដែរ។
មេបញ្ជាការ Centcom លោកឧត្តមសេនីយ៍ Frank McKenzie ប្រមុខកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ានិយាយថា៖ « ការត្រៀមខ្លួនខាងយោធាសម្រាប់ភាពអាសន្ន ឬបេសកកម្មណាមួយ ពីការឆ្លើយតបវិបត្តិចំពោះសមយុទ្ធពហុភាគីរហូតដល់ការល្បាតមួយថ្ងៃ អាស្រ័យទៅលើភាពជាដៃគូដែលអាចទុកចិត្តបាន»។
កាលពីខែមករា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលមានសមត្ថភាពដឹកអាវុធនុយក្លេអ៊ែរ បានហោះហើរឆ្លងកាត់មជ្ឈិមបូព៌ា។ ចាប់តាំងពីខែកុម្ភៈមក អ៊ីរ៉ង់ និងអ៊ីស្រាអែលរងការចោទប្រកាន់ពីបទចូលរួមធ្វើអ្វីដែលអ្នកវិភាគហៅថា «សង្រ្គាមស្រមោល» ពាក់ព័ន្ធទៅនឹងការវាយប្រហារនាវារបស់ប្រទេសទាំងពីរក្នុងដែនទឹកដូចជាការសងសឹកគ្នាទៅវិញទៅមក។
ការល្បាតក្នុងតំបន់ដែលជាប្រតិបត្តិការលើកទីប្រាំរបស់ Centcom នៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានជាប់គាំង។

ប្រភព៖ CNA