សហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំកីឡាហែលទឹកទីឆ្ងាយ ដើម្បីបំផុសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋងាកមកគាំទ្រកីឡាហែលទឹក

សហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក (Open Water) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតបើកឲ្យដំណើរការទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាតបើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងនោះ គឺយើងនឹងរៀបចំការប្រកួតហែលទឹកទីឆ្ងាយ បុរស-នារី លើ២វិញ្ញាសា ប៉ុន្តែមិនបើកទូលាយទេ ដោយយើងអនុវត្តតាមវិធានការសុខាភិបាលដដែល។

គោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះ ត្រូវបានលោកអគ្គលេខាធិការលើកឡើងថា គឺដើម្បីបំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជា ឲ្យកាន់តែផុសផុលឡើងជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) និងផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួត។


លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឲ្យមានធនធានឲ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ។

វិញ្ញាសាហែលទឹកទីឆ្ងាយ ដែលដាក់ឲ្យប្រកួត គឺសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ។ សហព័ន្ធធ្លាប់បានរៀបចំការប្រកួតទីឆ្ងាយនេះ បានចំនួន ៣លើករួចមកហើយ ដូចជានៅក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅក្នុងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល៕ អត្ថបទ៖ ជាវ ចន្ធូ
សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner