សម្តេចក្រឡាហោម ស ខេង អនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យអគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ក៏បានជម្រាបជូនសម្តេចក្រឡាហោម ថាក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកជំទាវមានគោលបំណងចង់ពិភាក្សាលើការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ហើយជាមួយគ្នានេះ លោកជំទាវ ក៏មានគោលបំណងដើម្បីជម្រាបជូនសម្តេចក្រឡាហោម អំពីការរៀបចំកិច្ចប្រជុំតុមូលលើក២ថ្នាក់រដ្ឋមន្ត្រី ស្តីពីការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលនឹងរៀបចំតាមប្រព័ន្ធវីដេអូសន្និសីទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះផង និងមានគោលបំណងគោរពអញ្ជើញសម្តេចអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់លោកជំទាវ អគ្គលេខាធិការង ដែលបានជម្រាបជូនអំពីការងារដ៏មានសារសំខាន់នេះ ហើយឆ្លៀតក្នុងឱកាសនោះសម្តេចក្រឡាហោម ក៏បានសម្តែងនូវការអបអរសាទរចំពោះគំនិតផ្តួចផ្តើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្តីពីការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននេះ ហើយសម្តេច ក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំតុមូលកម្រិតថ្នាក់រដ្ឋមន្ត្រីនេះឡើង។

នាឱកាសនោះ សម្តេច ក៏បានជម្រាបជូនលោកជំទាវផងដែរ អំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្តេច បានជម្រាបជូនថា កម្ពុជា បាននឹងកំពុងខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មាននូវផែនការយុទ្ធសាស្ត្ររបស់ខ្លួនឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦ ដែលផែនការនេះកំពុងតែបានអនុវត្តមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមនេះ សម្តេច ក៏បានជម្រាបជូនបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់រៀបចំសេចក្តីព្រាងច្បាប់សំខាន់មួយចំនួន ដូចជាច្បាប់ស្តីពី អត្រានុកូលដ្ឋាន និងច្បាប់ស្តីពីអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅសំខាន់គឺខិតខំធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅមួយគឺ មនុស្សម្នាក់ មានអត្តសញ្ញាណមួយ។ សម្តេច ក៏បានចាត់ទុកចំពោះកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនាពេលខាងមុខនេះ ថាគឺជាឱកាសមួយដ៏សំខាន់ក្នុងការបង្កើននូវភាពជាដៃគូថ្មីមួយទៀត ដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជា ក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋាន ដែលកម្ពុជាកំពុងតែបានអនុវត្តមកដល់ពេលនេះ។

ទន្ទឺមនេះដែរ លោកជំទាវ អគ្គលេខាធិការង ក៏បានថ្លែងអបអរសាទេ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ (២០១៧-២០២១) ហើយបានអនុវត្តកិច្ចការនេះទទួលបានលទ្ធផលល្អជាច្រើន។ ក្នុងនេះផងដែរ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំនូវសេចក្តីព្រាងច្បាប់មួយចំនួន ក្នុងគោលដៅសម្រេចឱ្យបាននូវគោលបំណងសម្រាប់ប្រជាពលរដ្ឋម្នាក់ មានអត្តសញ្ញាណតែមួយ។ លោកជំទាវ ក៏បានជម្រាបជូនសម្តេចក្រឡាហោម បន្ថែមផងដែរ ថា គោលបំណងនៃកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ក៏ជាគោលបំណងមួយក្នុងការជំរុញឱ្យប្រទេសនានាដែលបានចូលរួមនោះ ធ្វើការបង្ហាញបទពិសោធន៍ពីកិច្ចខំប្រែងប្រែងរបស់ខ្លួនពាក់ព័ន្ធទៅនិងអត្រានុកូលដ្ឋាននេះផងដែរ។ ជាមួយគ្នានេះលោកជំទាវ ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោម ដើម្បីចូលរួមកិច្ចប្រជុំនេះ ព្រមទាំងថ្លែងនូវសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនិងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននេះផងដែរ។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា កិច្ចការនេះគឺពិតជាមានសារសំខាន់ណាស់ពាក់ព័ន្ធនិងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដ៏មានចិរភាព។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner