ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់​មិន​ព្រម​បោះ​បង់​ការ​ចរចា​លើ​កតិកាសញ្ញា​នុយក្លេអ៊ែរឡើយ

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ថ្លែងថា ប្រទេសរបស់លោកនឹងមិនចាកចេញពីតុចរចាឡើយ បន្ទាប់ពីការប្រកាសថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែ្យន នឹងបន្តឡើងវិញនៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះ។

លោក រ៉ៃស៊ី បន្តថា ដូចដែលអ៊ីរ៉ង់បាននិយាយពីមុនហើយថា យើងនឹងមិនចាកចេញពីតុចរចានោះទេ ប៉ុន្តែយើងនឹងក្រោកឈរឡើងចំពោះការទាមទារហួសហេតុ ដែលបណ្តាលឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់។ ការកត់សម្គាល់របស់ប្រធានាធិបតីអ៊ីរ៉ង់ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃទិវាជាតិអ៊ីរ៉ង់ នៃការប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទមជាសកល ក្នុងថ្ងៃខួបនៃការរឹបអូសយកស្ថានទូតអាមេរិកនៅក្នុងប្រទេស បន្ទាប់ពីការធ្វើបដិវត្តន៍ឆ្នាំ ១៩៧៩។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ពាក់កណ្តាលផ្លូវការ (ISNA)។ លោកបន្តថា អ៊ីរ៉ង់រំពឹងថា នឹងមានកិច្ចចរចាបន្ទាប់នៅទីក្រុងវីយែ្យន  ដែលមានបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ទៅជា “ការតម្រង់ទិសលទ្ធផល” ហើយអ្នកចរចាអ៊ីរ៉ង់នឹង​ធ្វើការទាមទារ​ដ៏​ត្រឹមត្រូវតំណាងអោយ​ប្រជាជន​អ៊ីរ៉ង់ នោះ​គឺ​ការ​ដក​ទណ្ឌកម្ម​ទុច្ចរិត។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចចរចានៅរដ្ឋធានីវីយែ្យន ប្រទេសអូទ្រីស នៅចុងខែវិច្ឆិកានេះ ត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរលោក Ali Bagheri Kani ហើយក្រោយមកត្រូវបានបញ្ជាក់ដោយប្រភពការទូតសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner