ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិ ចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិ ចិន លើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯក-ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។

ព្រឹត្តិការណ៍ពាណិជ្ជកម្ម កម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា ដោយឯក-ឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតី នៃប្រទេសអាហ្សង់ទីន ប្រធានាធិបតី នៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតី នៃសាធារណរដ្ឋហ្សាំប៊ៀ នាយករដ្ឋមន្រ្តី នៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ អគ្គនាយិកា នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការនៃអង្គការ UNCTAD ព្រមទាំងមានការចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ សមាគម បេសកជនបរទេស ស្ថានកុងស៊ុល និងអាជ្ញាធរទីក្រុងសៀងហៃ តំណាងមកពីទីក្រុង ហុងកុង ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ និងការចូលរួមពីចម្ងាយ តាមប្រព័ន្ធវីដេអូអនឡាញ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសនានា នៅក្នុងតំបន់ និងពិភពលោក ចំនួន១០៦ប្រទេស។

ក្នុងឱកាសនោះឯកឧត្តម ស៊ី ជីនពីង បានថ្លែងមតិស្វាគមន៍ ប្រទេសចូលរួមទាំងអស់ និងអំពាវនាវឱ្យបណ្តាប្រទេសជុំវិញពិភពលោក ដើរឱ្យទាន់និន្នាការទូទៅ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងគាំទ្រក្នុងការបើកចំហ ហើយប្រឆាំងឯកតោភាគីនិយម លទ្ធិគាំពារនិយម និងជំរុញមនុស្សជាតិ ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។ ឯកឧត្តមបន្តថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសចិន ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសចិន បានអនុវត្តការសន្យានៃការចូលជាសមាជិក WTO របស់ខ្លួន យ៉ាងពេញលេញ ដោយកម្រិតពន្ធគយជារួមរបស់ប្រទេសចិន បានធ្លាក់ចុះពី ១៥.៣% មក ៧.៤% ដែលទាបជាង ៩.៨% នៃការសន្យា ចូលជាសមាជិករបស់ WTO នាគ្រាដំបូង។

ជាមួយគ្នានេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការបានបញ្ជាក់ថា នេះគឺជាលើកទី៤ ដែលប្រទេសកម្ពុជាបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ នាំចូលអន្តរជាតិ ចិន កម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗ ទៀត មិនបានដឹកនាំគណៈប្រតិភូ ទៅចូលរួមដោយផ្ទាល់ទេ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិមួយ និងក្រុមហ៊ុនកម្ពុ-ជាចំនួន៥ ចូលរួមពីចម្ងាយ តាមប្រព័ន្ធអនឡាញ និងបានសម្របសម្រួល ឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និងផលិតផលនៅប្រទេសចិន ស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិ ចិន លើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើង តាមរចនាបថខ្មែរសម័យទំនើប តាមទម្រង់ 3D ដោយមានដាក់តាំងបង្ហាញផលិតផលសក្តានុពល រូបភាពស្តីពី វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវីដេអូផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ ចំពោះអ្នកទស្សនា ដែលមានការចាប់អារម្មណ៍ អាចចូលទស្សនាពន្លាជាតិកម្ពុជា តាមរយៈតំណភ្ជាប់គេហទំព័ររបស់គណៈកម្មការរៀបចំពិព័រណ៍ https://country.ciie.org/2021/Cambodia/index.html?lang=zh_CN ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

សូមជម្រាបជូនថា ពិព័រណ៍ទំនិញនាំចូលអន្តរជាតិ ចិន លើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ហុងឈាវ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២ពាន់ ៩០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន៥៨ បានរៀបចំសាងសង់ពន្លាជាតិ ចូលរួមដោយផ្ទាល់ ងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ រួមមាន ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ផលិតផល និងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ និងពាណិជ្ជកម្ម លើវិស័យសេវាកម្ម ជាច្រើនពាន់ប្រភេទ ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner