អ្នកនាំពាក្យ គ.ជ.ប៖រយៈពេលជាង២០ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ គឺបានប្រព្រឹត្តដោយរលូន

ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា រយៈពេលជាង២០ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នាំ២០២១ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។ ប៉ុន្តែបានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចជា សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នាំ២០២១ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ទោះបីជាជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ស្ថិតនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្ថិតនៅក្នុងរដូវវស្សាដែលមានកន្លែងមួយចំនួនមានគ្រោះទឹកជំនន់ក៏ដោយ គឺពុំមានបញ្ហាណាមួយ ឬក៏ភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងដំណើរការនេះទេ។

អ្នកនាំពាក្យគ.ជ.ប បានបន្តថា ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមដែលកើតឡើងនៅក្នុងរយៈពេលជាង២០ថ្ងៃនេះ គឺទី១.សម្ភារបរិក្ខារដែលប្រើប្រាស់សម្រាប់ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត គឺមានសភាពចាស់ ដែលធ្វើឲ្យសម្ភារខ្លះខូច ខ្លះគាំង និងខ្លះទៀតរអាក់រអួល។ ប៉ុន្តែយ៉ាងណាក៏ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំឱ្យមានការផ្លាស់ប្តូរសម្ភារបានទាន់ពេលវេលា ហើយក៏បានចាត់មន្ត្រីជំនាញដើម្បីប្រចាំការនៅតាមលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ ដើម្បីអន្តរាគមន៍ភ្លាមៗ ក្នុងករណីដែលឃុំសង្កាត់ណា ឬក៏ក្រុមចុះឈ្មោះបោះឆ្នោតណាមានបញ្ហារអាក់រអួលខាងបច្ចេកទេស និងខូចគាំងសម្ភារបរិក្ខារដែលប្រើប្រាស់សម្រាប់ការចុះឈ្មោះ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា “ចំណុចប្រឈមផ្សេងទៀត ដូចជា តំបន់ខ្លះមានការរអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណេតដែលជាបញ្ហាលំបាកនៅក្នុងការបញ្ជូនទិដ្ឋន័យពីឃុំសង្កាត់មកគ.ជ.ប។ បញ្ហាប្រឈមមួយទៀតពាក់ព័ន្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ជាបញ្ហាគួរឱ្យកត់សម្គាល់ដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាចនៅក្នុងការអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំសង្កាត់ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមចុះឈ្មោះបោះឆ្នោតបានចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមភូមិមួយចំនួននៅក្នុងឃុំសង្កាត់ មានន័យថា បង្ខិតសេវាទៅជិតកៀកប្រជាពលរដ្ឋ ចំនួនប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតមានការកើនឡើងគួរឱ្យកត់សម្គាល់”។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន២៦២,៥៨៥នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន១២៩,១៩៨នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន៩១,៨៩៣នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបមានចំនួន៧៨,១៥៩នាក់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner