សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា-ចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា  តាមរយៈដំណើរទស្សនកិច្ច នាពេលនេះ ពិតជារួមចំណែកដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន    រដ្ឋាភិបាល និងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម Muhammad Faruk Khan បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ។  ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេសមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរតាំងពីរយូរលង់ណាស់មកហើយ តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថា្នក់ដឹកនាំជាន់ខ្ពស់ ដូចជា លោកជំទាវប្រធានរដ្ឋសភា ដំណើរទស្សនកិច្ចរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំការងារបច្ចេកទេសរវាងក្រសួងជំនាញផងដែរ។ 
ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈពេល១០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំដ៏ល្អ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ។
ឯកឧត្តមបានជម្រាប់អំពីគោលបំណងរបស់គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺ៖ ទី១-ដើម្បីបង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និតរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទី២-គឺដើម្បីលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង និងស្វែងយល់គ្នាទៅវិញទៅមកនូវកិច្ចសហប្រតិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។  ជាមួយគ្នានេះ ឯកឧត្តមបានជម្រាជូនសម្តេចប្រធានព្រឹទ្ធសភាអំពីបញ្ហាលំបាករបស់ប្រទេសបង់ក្លាសដេស គឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្ធឹកសន្ធាប់ចូលមកក្នុងប្រទេសបង់ក្លាដេស។ បច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍  រ៉ូហ៊ីងយ៉ាជាង១លាន១សែននាក់ បានភៀសខ្លួនមករស់នៅក្នុងប្រទេសបង់ក្លាដេស។
ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានប្តូចផ្តើមឡើងនៅក្នុងកិច្ចប្រជុំកំពូលមួយរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយបិតាជាតិរបស់បង់ក្លាដេស នៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរចាប់ផ្តើមតាំងពីពេលនោះមក។ ជាមួយគ្នានេះឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀត និងលោកជំទាវ ឯកឧត្តមដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភាកម្ពុជា ជាថ្មីម្តងទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមដែលបានថ្លែងសរសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការការដ៏ល្អរវាងប្រជាជន រដ្ឋាភិបាល ក៏ដូជាអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។
សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះអ្វីដែលឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយបិតាជាតិរបស់បង់ក្លាដេស។ ដើម្បីជាកិច្ចដឹងគុណដល់បុព្វបុរសនៃប្រទេសយើងទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស បានសម្រេចយកយកព្រះរាជនាមរបស់ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយនៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា។ ចំណែកប្រទេសកម្ពុជាបានសម្រេចដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដេសនូវផ្លូវក្រាលកៅស៊ូមួយនៅរាជធានីភ្នំពេញ។
សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកថា ចំពោះទំនាក់ទំនង់រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោកជំទាវប្រធានរដ្ឋសភាបង់ក្លាដេស បានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា” ក្នុងឱកាសនោះ សម្តេចក៏បានទទួលបដិសណ្ឋារកិច្ចលោកជំទាវ ដោយបានពិភាក្សាប្រកបដោយមិត្តភាព និងផ្លែផ្កា រួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងអង្គនីតិប្បញ្ញតិ្តនៃប្រទេសយើងទាំងពីរឱ្យកាន់មានការរីកម្រើនថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ឆ្នាំ២០២០។ សម្តេចសង្ឈឹមខ្ពស់ថា លោកជំទាវប្រធានរដ្ឋសភា និងឯកឧត្តម នឹងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាជាថ្មីម្តងទៀត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណរដ្ឋាភិបាលបង់ក្លាដេស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតនារីកម្ពុជា ចំនួន ២០ នាក់ ពីឆ្នាំ២០០៨ ដល់២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី និងបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយសាកលវិទ្យាល័យ អាស៊ីសម្រាប់ស្រ្តី (ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨) ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែងដល់និស្សិតកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា សូមអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់បង់ក្លាដេស និងសូមប្រសិទ្ធពរជូនប្រជាជនបង់ក្លាដេសទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុងការរួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
សម្តេចបានប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អ បរិបូរណ៍ និងប្រកបដោយជោគជ័យ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner