ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទទួលជួប H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួងផែនការ
នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួប H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩។
ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម W. Patrick Murphy និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការនាពេលនេះ ហើយវាក៏ជាមោទនភាពរបស់ក្រសួងផែនការផងដែរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការUNDP ក៏បានជួយដល់ក្រសួងផែនការ ក្នុងការរៀបចំក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃផ្សេងទៀតផងដែរ។
ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា ឯកឧត្តម មានចិត្តសប្បាយរីករាយដែលបានអញ្ជើញមកក្រសួងផែនការ ដើម្បីបានមកសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមសូមសម្តែងនូវការចូលរួមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទីបំផុតជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះហេតុការណ៍បាក់រលំអគារនាពេលថ្មីៗនេះនៅខេត្តកែប។ ឯកឧត្តមបានបន្តថា ឯកឧត្តមបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈព័ត៌មានថ្មីៗ ហើយឯកឧត្តមបានដឹងថា នាពេលខាងមុខនេះ ប្រជាជនកម្ពុជានឹងរៀបចំពិធីអបអរសាទរទិវាជ័យជម្នះ៧មករា និងបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ ឯកឧត្តម សូមសម្តែងនូវការសប្បាយរីករាយ ឯកឧត្តមសូមគាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានការតាំងចិត្ត ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) មានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម W. Patrick Murphy បានបន្ថែមថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី យើងបានមើលឃើញពីបញ្ហាប្រឈមនានា ដែលសហរដ្ឋអាមេរិកពិបាកក្នុងការជួយ ប៉ុន្តែយើង(សហរដ្ឋអាមេរិក និងកម្ពុជា) នឹងរួមគ្នាដោះស្រាយលើបញ្ហាប្រឈមទាំងនោះជាមួយគ្នាឱ្យបាន។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រមាណ១០០លានដុល្លា ក្នុងមួយឆ្នាំៗ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរឹងមាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានា ហើយដែលនឹងត្រូវបានអនុវម័ត និងចុះ MOU ជាមួយគ្នា ហើយយើងក៏មានវិស័យឯកជន សម្រាប់ជួយដល់កម្ពុជាផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម W. Patrick Murphy ក៏បានមានចម្ងល់ពាក់ព័ន្ធនឹងការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ តើមានដំណើរការដល់ណា? និងពាក់ព័ន្ធនឹងការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) ឆ្នាំ២០១៩-២០៣០ តើក្រសួងផែនការ មានតម្រូវការលើអ្វីខ្លះពីសហរដ្ឋអាមេរិកតាមរយៈអង្គការUNDP?