ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារក្រសួងដែនដី ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីកហនុងពិធីសម្ពោធជាផ្លូវការ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូច និងមធ្យមចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។

ជាន់ទី៥ មានសាលប្រជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលដល់វិស័យឯកជន។

អគារទីស្តីការក្រសួងដែន គឺជាអគារដែលបាននាំមកនូវមោទនភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹមទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

អគារត្រូវបានស្ថាបនាសិលាចារឹកកំណត់កាលបរិច្ឆេទនៃការសម្ពោធឆ្លងឡើងអគារជាផ្លូវការ នាថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ។ មោទនភាពជាពិសេសនោះ គឺស្ថាបត្យកម្មដ៏ល្អវិចិត្រនេះតែម្តង៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner