កម្ពុជាកំណត់យកកសិផលសក្ដានុពល ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញ ដើម្បីទាញយកប្រយោជន៍ឲ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ ៖ ដោយផ្អែកលើការសិក្សាស្រាវជ្រាវ របស់ក្រុមការងារនៃក្រសួងពាណិជ្ជកម្ម, កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ មុខទំនិញសក្ដានុពលទាំង ១០មុខនេះ មានដូចជា ៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។ នេះបើតាមលទ្ធផល នៃកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, កម្ពុជា បានធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ខ្លួន ទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ឯកឧត្តម បន្ដថា ជាមួយនឹងការខិតខំ នាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យ ក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ជាក់ស្ដែង នាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចុះហត្ថលេខា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ នេះជាការគូសបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសមួយចំនួនទៀត ដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។

ចំពោះការដាក់កំណត់មុខទំនិញទាំង ១០មុខនេះ ត្រូវបានវិស័យឯកជន ដែលកំពុងតែរកស៊ីនាំចេញនៅក្នុងវិស័យកសិកម្ម បានសម្ដែងការសារទរ និងគាំទ្រ ដើម្បីទាញប្រយោជន៍ ឲ្យបានកាន់តែច្រើន ជំរុញការនាំចេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ក្នុងនោះនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន, កូរ៉េ និងអាសិប ដែលនឹងត្រូវបាន ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រធានក្រុមហ៊ុន Amru Rice ប្រាប់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា វាជាការត្រឹមត្រូវណាស់ ដែលកម្ពុជាបានកំណត់មុខទំនិញទាំង ១០មុខនេះ។ តែយ៉ាងណាឧកញ៉ា សុង សារ៉ន ក៏សុំឲ្យមានការពិនិត្យពិចារណា ក្នុងការបន្ថែមមុខទំនិញ ក៏ដូចជាផ្លែឈើបន្ទាប់បន្សំទៀត ដូចជា ៖ ទុរ៉េន និងស្រការនាគជាដើម ដែលជាផ្លែឈើ ដែលមានសក្ដានុពលសម្រាប់កម្ពុជាផងដែរ។

ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា «ទំនិញទាំង ១០មុខនេះ គឺជាទំនិញដែលកម្ពុជាបាននឹងកំពុងធ្វើ ហើយមានលទ្ធភាព អាចចូលទីផ្សារបាន នៅពេលដែល FTA ចូលជាធរមាន។ តែយ៉ាងណាក៏ដោយ លោកថា កម្ពុជាក៏ត្រូវការកន្លែងកែច្នៃ និងស្ដុកទុកដាក់ឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានរបស់ប្រទេសនាំចូលផងដែរ»។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចាក់ទុកថា ការកំណត់ទំនិញសក្តានុពលចំនួន ១០មុខ សម្រាប់ត្រៀមការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជារឿងល្អ ហើយថាប្រសិនបើកម្ពុជាអាចនាំចេញទំនិញទាំង ១០មុខនេះជោគជ័យ នោះទំនិញផ្សេងៗទៀត ដូចជាត្រី សាច់បក្សី (មាន់) សុទ្ធតែជាទំនិញយុទ្ធសាស្ត្រដែលកម្ពុជាអាចនាំចេញបាន។

លោកថា «ទំនិញកម្ពុជាយើងមានហើយ ប៉ុន្តែដែលត្រូវគិតនោះ គឺទំនិញដែលមាននិរន្តភាព ទើបប្រទេសទាំងនោះទិញយើង ហើយយើងអាចផ្គត់ផ្គង់ឲ្យគេយូរអង្វែងបាន»។ បើតាមលោកឧកញ៉ា អ្វីដែលត្រូវគិតគូរបន្តទៀត ធ្វើយ៉ាងណាឲ្យផ្ទៃដីកសិកម្មរបស់កម្ពុជា ឲ្យត្រូវគ្នានឹងប្រពន្ធធារាសាស្ត្រ ខណៈបញ្ហាផ្លូវថ្នល់ និងតម្លៃអគ្គិសនីក៏ចាំបាច់ ដើម្បីទាក់ទាញឲ្យវិនិយោគ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner