សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា នៅស្រុកបាទី ខេត្តតាកែវ

អត្ថបទដោយ៖
ធី ដា

ស្តិតក្នុងពេលវេលាមួយ ដែលប្រជាកសិករ នៅទូទាំងប្រទេស កំពុង សស្រោក សស្រាំ ក្នុងការងារប្រមូលផលស្រូវ រដូវវស្សានៅតាមមូលដ្ឋានរៀងៗខ្លួននោះ ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានដឹកនាំលោកជំទាវ ជាភរិយាឥស្សរជនថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវស្រាល រដូវវស្សា១កន្លែង ដែលមានទីតាំងក្នុងភូមិ ក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ជូនថា ក្រៅពីវត្ថមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំយើង ក៍មានវត្ថមាន អញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ,ឯកឧត្តមអ៊ូចភាអភិបាលនៃគណៈអភិបាលខេត្តតាកែវផងដែរ។

តាមរបាយការណ៍ ដែលផ្តល់ជូនដោយ ឯកឧត្តម អភិបាល ខេត្តតាកែវ ឲ្យដឹងថា ក្នុងសប្តាហ៍ទី១ ខែវិច្ឆិកាឆ្នាំ២០២១នេះ ការងារបង្ករបង្កើនផល ស្រូវរដូវវស្សានិងដំណាំរួមផ្សំ ព្រមទាំងការងារប្រមូលផលស្រូវដើមរដូវ បានបញ្ចប់។បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺផ្ទៃដីបានអនុវត្តសំរាប់ស្រូវវស្សា មានការកើនឡើងជាង ៣៦៨១ហត ។ជាមួយនេះការងារបង្ករបង្កើនផលស្រូវ រដូវវស្សាឆ្នាំ ២០២១-២០២២ ក៍បានបញ្ចប់លើផែនការ ១សែន៨០០០០ហត។

ក្នុងនោះផ្ទៃដីភ្ជួររាស់សរុប២សែន១៣៥៧៦ហតដោយប្រើប្រាស់គ្រឿងយន្តកសិកម្ម។ស្ទូងនិងព្រួសសរុបបាន២សែន១៣៥៧៦ហតស្មើនឹង១១៨,៦៥%។ ទន្ទឹមនេះ ការងារច្រូតកាត់ប្រមូលផល ស្រូវស្រាល ដើមរដូវឆ្នាំ២០២១ ត្រូវបានបញ្ចប់ដែរលើផ្ទៃដីអនុវត្ត៦ម៉ឺន៧៩៤១ហតស្មើ១០០% ក្នុងនោះទិន្នផលមធ្យម៤,៤៧៩តោនក្នុង១ហត។ ព្រមជាមួយនេះ ខេត្តកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមដោយគិតត្រឹមថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១នេះសរុបចំនួន៨សែន៦២៤១៨តោន។

សកម្មភាពដ៍ថ្លៃថ្លាឧត្តុងឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងគណប្រតិភូជាភរិយាថ្នាក់ដឹកនាំក្នុងឱកាសច្រូតកាត់ប្រមូលផលស្រូវរដូវវស្សានាពេលនេះគឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ភរិយាថ្នាក់ដឹកនាំយើងទាំងអស់ ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងល្អ ជាមួយប្រជាកសិករយើង នៅទូទាំងប្រទេស និងបង្ហាញពី វប្បធម៌សាមគ្គី និងជួយគ្នាទៅវិញទៅមកជាពិសេសអ្នក មានលទ្ធភាពច្រើន ជួយ អ្នកមានលទ្ធភាពតិច។

នេះជាវប្បធម៌ ចែករំលែកមួយ ដែលថ្នាក់ដឹកនាំយើងតែងអនុវត្តជារៀងដរាបមក។សកម្មភាព ដ៍រស់រវើកលើការងារ ច្រូតកាត់ប្រមូលផលស្រូវ ក្នុងថ្ងៃ នេះបានបង្ហាញយ៉ាងច្បាស់ថា បើទោះបីបច្ចុប្បន្ននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឋានៈតួនាទីខ្ពស់ក្តី តែភាពសាមញ្ញ និងម៉្យាងទៀតដើមកំណើតរបស់ សម្តេចនិងលោកជំទាវគ្រប់រូប គឺសុទ្ធ តែប្រសូត្រចេញពី ត្រកូលគ្រួសារកសិករពិតៗ ដូច្នេះ ទើបស្រឡាញ់ចូលចិត្តក្នុងរបរកសិកម្មនេះ ដោយធ្វើការច្រូតកាត់ប្រើកម្លាំងពលកម្មផ្ទាល់ ដែលជាប្រពៃណីទំនៀម ទំលាប់ខ្មែរតាំងពីបុរាណកាលមក ដែលយើងទាំងអស់គ្នាត្រូវរួមថែរក្សាបន្តមរតកនេះ សំរាប់ស្រទាប់បន្តវេន ឲ្យបានយល់ ដឹងពីសាវតា នៃការងារប្រមូលផលស្រូវ របស់ដូនតាយើង ដែលមានការវិវត្ត តាមជំនាន់ និងសម័យកាលនីមួយៗ តាំងពី បុរាណរហូតមកដល់សម័យកាលទំនើបនាពេលបច្ចុប្បន្ននេះ ដែលសឹងតែ៩០%ហើយ ប្រជាកសិករយើង បានប្រើប្រាស់ ឧបករណ៍ទំនើបៗ សំរាប់ការងារកសិកម្ម ដូចជា ការប្រើប្រាស់គ្រឿងយន្ត សំរាប់ការភ្ជួររាស់ដី និង ច្រូតកាត់ប្រមូលផល ស្រូវជាដើម។

ការចូលរួមប្រមូលផលស្រូវ នាពេលនេះ ក៍ជាការសំដែងនូវសេចក្តីរីករាយ និងមោទនភាពបំផុត របស់ភរិយាថ្នាក់ដឹកនាំយើង ចំពោះបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែលឆ្នាំ២០២១នេះការងារបង្ករបង្កើនផលរបស់បងប្អូនយើង មានការកើនឡើង គួជាទីមោទនៈខ្ពស់បំផុត ហើយទិន្នផលស្រូវក្នុងឆ្នាំនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់និងលើកស្ទួយសេដ្ឋកិច្ចជាតិ។

តាមរបាយការណ៍ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា៖ នៅក្នុង ខែសីហា ឆ្នាំ២០២១នេះការងារបង្កបង្កើនផល ដំណាំស្រូវ រដូវវស្សា មានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ ជាពិសេស ស្រូវរដូវវស្សា សម្រេចបាន ២ លាន៦៨៧៣៨២ហតស្មើនឹង១0៣% នៃផែនការចំនួន ២លាន៦សែន៩ពាន់៦៥ហត។ ដោយឡែក លើការងារប្រមូលផលស្រូវស្រាលរដូវវស្សាគឺសម្រេចបាន៣សែន៤២២៥៧ហត ដោយទទួលបានបរិមាណផល សរុបចំនួន ១លាន៤សែន ២ម៉ឺន៨៨៥៥តោន លើសឆ្នាំមុនចំនួន៦សែន៨៨៥៤៨តោន និងទទួលបានទិន្នផល គិតជាមធ្យម ៤,១៧៥តោន/ហត។

ចំពោះ ការនាំចេញអង្ករក្នុងខែសីហាឆ្នាំ២០២១មានចំនួន៣៣៥៨២តោន កើនឡើងចំនួន ១១៤៥២តោន(៥១,៧៥%) បើធៀបនឹងខែសីហាឆ្នាំ២០២០ដែលមានចំនួន២ម៉ឺន២១៣០តោន។ដោយឡែកបរិមាណអង្ករនាំចេញក្នុងរយៈពេល៨ខែឆ្នាំ២០២១មានចំនួន៣សែន៤៣៤៤៧តោន មានការថយចុះចំនួន ១សែន៤ម៉ឺន៧៥៦តោន(២៣,៣៧%) បើធៀបនឹង បរិមាណនាំចេញក្នុងរយៈពេល៨ខែឆ្នាំ២០២០មានចំនួន៤សែន៤ម៉ឺន៨២០៣តោន។ហើយក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះអង្គ បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ៨ម៉ឺន៨២៧១តោន(ថយចុះចំនួន៦ម៉ឺន១៥៧៧តោនស្មើនឹង៤១,០៩%)ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១សែន៦៥៦១២តោន (កើនឡើងចំនួន ៦ពាន់៣៥៩តោនស្មើនឹង៣,៩៩%) ទិសដៅអាស៊ានចំនួន៧ប្រទេស មានបរិមាណសរុបចំនួន៣ម៉ឺន៥៥៥៣តោន(ថយចុះចំនួន២ម៉ឺន៥៣៨០តោនស្មើនឹង៤១,៦៥%)និងទិសដៅដទៃទៀតចំនួន២២ប្រទេសមានបរិមាណសរុបចំនួន៥ម៉ឺន៤០១១តោន(ថយចុះចំនួន ២ម៉ឺន៤១៥៨តោន ស្មើនឹង៣០,៩០%)។

ក្រុមហ៊ុន ដែលបាននាំចេញអង្ករ មានចំនួន៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន ១០ មានរហូតដល់ ២សែន៤៧៩០៣តោន(៧២,១៨%)និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ៩ម៉ឺន៥៥៤៤តោន(២៧,៨២%)។ជាមួយនេះ ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះដែរ ការនាំចេញស្រូវមានចំនួន ២លាន៣សែន៨៣១៥០តោន ទៅកាន់ប្រទេសវៀតណាម(មានវិញ្ញាបនបត្រភូតគាមអនាម័យនួន១លាន៥សែន៦៤៩៥២,៥២តោន)កើនឡើងចំនួន១លាន១សែន១ពាន់ ៤៣១តោន(៨៥,៩៣%) ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១លាន ២សែន៨ម៉ឺន ១៧១៩តោន។

ជាការពិតកម្ពុជា ជាប្រទេសកសិកម្ម ដ៍មានសក្តានុពល រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្កទុកដាក់ ជាពិសេស ឆន្ទៈនៃការប្តេជ្ញាក្នុងការដាំដុះដំណាំស្រូវ សំរាប់បំរើការនាំចេញអង្ករ ឲ្យបាន១លានតោន ចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ។ គោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែអនុវត្តបន្តពីគំរូ នៃព្រះរាជសកម្មភាព ដ៍ឧត្តុងឧត្តមនៃអង្គសម្តេចឪព្រះបិតា កសិកម្មជាតិ ដែលបានធ្វើឲ្យវិស័យកសិកម្មកម្ពុជា បច្ចុប្បន្នមានការរីកចំរើន ជាមួយនឹងការកំណត់ នូវគោលនយោបាយកសិកម្មច្បាស់លាស់ ប្រែក្លាយជាវិស័យ នាំមុខមួយ ផ្តល់ថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ច និងរួមវិភាគទានយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសកសិករ ក្នុងការបញ្ចូល នូវបច្ចេកវិទ្យាថ្មី នៃការដាំដុះ ការជ្រើសរើស និងប្រើប្រាស់ពូជ ការងារ ក្សេត្រសាស្ត្រនិងការប្រើប្រាស់ជីធម្មជាតិ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធធារាសាស្ត្រជាច្រើន ត្រូវបានស្តារនិងកសាងជាថ្មី ដើម្បីធានាដោះស្រាយបញ្ហាទឹកបំរើវិស័យកសិកម្ម ធ្វើឲ្យផ្ទៃដីបង្កបង្កើនផល ពី១ឆ្នាំទៅ១ឆ្នាំ កាន់តែត្រូវបានពង្រីក និងបង្កើនរដូវដាំដុះ ធ្វើឲ្យបរិមាណផលិតផលមានការកើនឡើងធានាបានសន្តិសុខស្បៀងបង្កើនបានការនាំចេញកសិផលដែលនេះបានបញ្ជាក់ឲ្យឃើញពី កាលានុវត្តភាពថ្មី មួយទៀត សំរាប់ជំរុញកំណើន សេដ្ឋកិច្ច របស់កម្ពុជា បើទោះបីពិភពលោកទាំងមូលបានជួប នឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាមុខព្រួញសំខាន់ ក្នុងការ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជួយលើស្ទួយគ្រួសារ ក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល បាននិងកំពុងរងគ្រោះដោយ សាវិបត្តិនៃការរាតត្បាតពីជំងឺកូវីត-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner