លោក រ៉ុង ឈុន មេខ្លោងបំភ្លៃរឿងព្រំដែន នឹងត្រូវដោះលែងនៅថ្ងៃនេះ

ភ្នំពេញៈ លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចកាត់តម្រឹមឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ១ឆ្នាំ៣ខែ និង១១ថ្ងៃ ដែលមានន័យថា លោកនឹងត្រូវដោះលែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារលោក រ៉ុង ឈុន។

មេធាវី សំ សុគង់ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា «បើនិយាយពីកំណត់ថ្ងៃដោះលែង គឺត្រូវនឹងថ្ងៃនេះ។ អ៊ីចឹងមានតែដោះពេលល្ងាច តាមពិតត្រូវថ្ងៃស្អែក តែស្អែក ថ្ងៃសៅរ៍ អ៊ីចឹង គេមានតែដោះលែង ថ្ងៃនេះហើយ ព្រោះគេឃុំគាត់នៅថ្ងៃទី១ ខែ៨ឆ្នាំ២០២០ គិតមកដល់ថ្ងៃនេះ ១ឆ្នាំ ៣ខែ ១១ថ្ងៃ គត់តែម្ដង»។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល២ ឆ្នាំ ក្នុងបទញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ការប្រកាសសាលក្រមនេះ គឺ បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ 

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនលោក រ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ការដោះលែងសកម្មជនមួយចំនួន គឺមិនមែនជាការទទួលសំពាធពីភាគីណាមួយនោះទេជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅ មិនមែនតែសកម្មជនទាំងនោះទេ។ តុលាការមិនបានផ្តោតទៅលើសកម្មជន ឬមិនសកម្មជននោះទេ ហើយសកម្មជនទាំងអស់នេះ មិនមែនដោះលងទេ គឺបានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនថា ការដោះលែងសកម្មជនមួយចំនួន គឺដោយសារតែមានសំពាធ នៃការរិះគន់។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ខែវិច្ឆិកាថា ករណីនេះវាមិនមែនជារឿងទទួលសំពាធ ឬមិនសំពាធនោះទេ ជាដំណើរការនីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅមិនមែនតែសកម្មជនទាំងនោះទេ។ តុលាការមិនបានផ្តោតលើសកម្មជន ឬមិនសកម្មជននោះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “សកម្មជនទាំងអស់នេះ មិនមែនដោះលែងទេ បានន័យថាបានប្រព្រឹត្តបទល្មើស ហើយត្រូវបានផ្តន្ទាទោស ក៏ប៉ុន្តែគ្រាន់តែការអនុវត្តទោសវាមានការអនុគ្រោះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ដែលបានដាក់ចេញនៅក្នុងពេលយុទ្ធនាការ ក្នុងការពន្លឿនការដោះស្រាយសំណុំរឿង ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងកាត់បន្ថយនូវភាពចង្អៀតណែនក្នុងពន្ធនាគារ។ ហើយគោលការណ៍នឹងក្រសួងលើកទឹកចិត្តឲ្យបន្តតទៅទៀត ទោះបីជាយុទ្ធនាការនឹងចប់ក៏ដោយក្នុងគោលដៅដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ហើយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុងដែលមានជាធរមាន”។

ប្រភពដដែលបានសង្កត់ធ្ងន់ថា បើផ្អែកទៅលើគោលការណ៍ណែនាំរបស់ក្រសួងពាក់ព័ន្ធដល់ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ក៏ដូចជាដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺក្រុមសកម្មជនត្រូវបានសម្រេចផ្តន្ទាទោសមួយផ្នែកក្នុងពន្ធនាគារ និងទោសនៅសល់មួយផ្នែកទៀតត្រូវព្យួរ។ ក្នុងរយៈពេលព្យួរបើសិនជាពួកគាត់ធ្វើសកម្មភាពល្មើស បំពានបម្រាមមួយចំនួនដែលតុលាការបានដាក់ចេញ គឺពួកគាត់អាចប្រឈមមុខចំពោះផ្លូវច្បាប់ដដែល នឹងអាចយកមកអនុវត្តទោសក្នុងពន្ធនាគារវិញបាន បើសិនជាពួកគាត់នៅតែបន្តប្រព្រឹត្តល្មើសមិនកែប្រែខ្លួនតទៅទៀត៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner