១០០ឆ្នាំ នៃស្មារតីរួមដ៏រឹងមាំ របស់បក្សកុម្មុយនីស្ដចិន ក្នុងការដឹកនាំប្រទេសចិន ទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លា

ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យធំធេងមួយសម្រាប់ប្រទេសចិន បានចាប់ផ្ដើមពី ថ្ងៃទី ០៨ ដល់ថ្ងៃ ទី១១ ខែវិច្ឆិកា នារដ្ឋធានីប៉េកាំង នោះគឺ កិច្ចប្រជុំ ពេញអង្គលើកទី៦នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ដ ចិន អាណត្តិ ទី ១៩ ក្រោមអធិបតីភាពលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ឆ្នាំ២០២១នេះ គឺ ជា ឆ្នាំ ដែល មាន លក្ខណៈពិសេសនៃប្រទេសចិន គឺជា ឆ្នាំ នៃការចាប់ ផ្ដើមផែនការ ៥ឆ្នាំទី១៤ ជា ឆ្នាំ ចាប់ ផ្ដើម នៃ ដំណើរ ថ្មី នៃ ទំនើបកម្ម ហើយ ក៏ ជាឆ្នាំ គម្រប់ ខួប ១០០ឆ្នាំ នៃ ការ បង្កើត បក្ស កុម្មុយនីស្ត ចិន ផង ដែរ ។

អ្វីដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំ ពេញអង្គលើកទី៦នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ដ ចិន អាណត្តិ ទី ១៩ នេះ គឺការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បានរាយការណ៍និងបូកសរុបនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការតស៊ូយ៉ាងស្វិតស្វាញរបស់បក្សរយៈពេល១០០ឆ្នាំមកនេះ។ តាមរយៈសមិទ្ធផលដ៏មហិមាទាំងនេះបានឆ្លុងបញ្ចាំងឱ្យឃើញថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ស្មារតីដ៏រឹងមាំរបស់បក្សកុម្មុនីស្ដចិន គឺតែងតែចាត់ទុកសុភមង្គលរបស់ប្រជាជនចិន និងការរស់ឡើងវិញនៃប្រជាជាតិចិន ជាបេសកកម្មដ៏ចម្បងរបស់ខ្លួន ហើយតែងតែប្រកាន់ខ្ជាប់នូវឧត្តមគតិកុម្មុយនិស្ត និងបានដឹកនាំប្រជាជនគ្រប់ជាតិសាសន៍ទូទាំងប្រទេស តស៊ូដើម្បីឯករាជ្យជាតិ រំដោះប្រជាជន និងសម្រេចបាននូវភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជនបានឆ្លងកាត់ការតស៊ូមិនឈប់ឈរនិងមិនចេះនឿយហត់។

តាមរយៈគោលជំហរស្នូលរបស់បក្ស ក្នុងការរក្សាបានយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិអំណាចរបស់គណៈ កម្មាធិការមជ្ឈិមបក្ស និងការដឹកនាំបែបមជ្ឈិម និងបង្រួបបង្រួម ដើម្បីធានាថាបក្សទាំងមូលត្រូវតែឆ្ពោះទៅមុខដោយឯកច្ឆ័ន្ទ ក៏ដូចជាការពង្រឹងសមត្ថភាពបក្សក្នុងការដឹកនាំប្រជាជនគ្រប់ជនជាតិក្នុងប្រទេសបន្តការតស៊ូដើម្បីសម្រេចក្តីសុបិនរបស់ចិន រួមទាំងការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន យើងអាចមើលឃើញពីការតស៊ូជាច្រើនសតវត្សរបស់បក្សកុម្មុយនីស្ដចិន ថាហេតុអ្វីបានជាប្រទេសចិនទទួលបានជោគជ័យតាំងពីអតីតកាលនិងបន្តជោគជ័យដល់បច្ចុប្បន្ន ហើយនឹងបន្តជោគជ័យដ៏ខ្លាំងក្លាទៅថ្ងៃអនាគត? នោះហើយគឺការប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់និងមានមនសិការបំពេញបេសកកម្មចម្បងរបស់ចិនដែលបានកំណត់យកសុភមង្គលរបស់ប្រជាជនចិន និងការរស់ឡើងវិញនៃប្រជាជាតិចិនជា អាទិភាព។

មិនខុសទេចំណុចជាសំខាន់គឺ ការយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងបច្ចុប្បន្ននិងបន្តច្នៃប្រឌិតអនាគត។ អ្វីដែលយើងមើលឃើញនូវសមិទ្ធិផលសំខាន់ៗដែលលេចឡើងនិងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការតស៊ូរាប់សតវត្សរបស់បក្សកុម្មុនីស្ដចិន គឺផ្អែកលើចំណុចសំខាន់ៗដូចជា ការចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមសម័យទំនើបគ្រប់ជ្រុងជ្រោយ ក្រោមលក្ខខណ្ឌប្រវត្តិសាស្ត្រនៃការបង្កើតបក្សអស់រយៈពេលមួយសតវត្ស និងដើម្បីលើកតម្កើងនិងអភិវឌ្ឍសង្គមនិយមតាមលក្ខណៈចិនក្នុងយុគសម័យថ្មី, ការពង្រឹងសតិសម្បជញ្ញៈ, ទំនុកចិត្តលើខ្លួនឯង, ការសម្រេចបាននូវការការពារ ដើម្បីធានាថាគណបក្សទាំងមូលឈានទៅមុខដោយឯកភាពគ្នា ក៏ដូចជាការជំរុញបដិវត្តន៍ខ្លួនឯង, ពង្រឹងសមត្ថភាពបក្ស, ក្នុងការតស៊ូនិងឆ្លើយតបហានិភ័យ និងបញ្ហាប្រឈម រក្សាភាពរឹងមាំរបស់បក្សជារៀងរហូត ហើយរួបរួមគ្នា និងដឹកនាំប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងប្រទេសបន្តការតស៊ូដើម្បីសម្រេច ក្តី សុបិន ចិន នៃ ការ រស់ ឡើងវិញ ដ៏ អស្ចារ្យ របស់ ប្រជាជាតិ ចិន។

ជាពិសេសក្នុងរយៈពេល ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុនីស្ដចិនកន្លងមកនេះ បក្សបានដឹកនាំប្រទេសចិនដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិចិនរាប់ពាន់ឆ្នាំមកហើយ ដោយបង្កើតនូវសមិទ្ធិផលដ៏មហិមាដូចជា ការប្រយុទ្ធបង្ហូរឈាមនិងការតស៊ូបានបង្កើតសមិទ្ធផលដ៏អស្ចារ្យនៅក្នុងបដិវត្តន៍ប្រជាធិបតេយ្យថ្មី, ការពឹងលើខ្លួនឯងប្រឹងប្រែងធ្វើការនិងបង្កើតសមិទ្ធិផលធំៗក្នុងបដិវត្តន៍សង្គមនិយម, ការរំដោះខ្លួនចេញពីចិត្ត ឆ្ពោះទៅមុខដោយការតាំងចិត្ត និងបង្កើតសមិទ្ធិផលធំៗក្នុងកំណែទម្រង់ ការបើកចំហ និងទំនើបកម្មសង្គមនិយម, ការទុកចិត្តលើខ្លួនឯង ការអភិវឌ្ឍខ្លួនឯង សុចរិតភាព និងការច្នៃប្រឌិតក្នុងយុគសម័យថ្មី។ អ្វីដែលយើងមើលឃើញជាក់ស្ដែងនូវភាពខ្លាំងដែលបង្កប់ពីក្រោយក្នុងការជំរុញឱ្យប្រទេសចិនមានភាពជោគជ័យដោយស្ថេរភាពនាពេលបច្ចុប្បន្ននិងទៅអនាគតនោះគឺ បក្សកុម្មុយនិស្ត ចិន បាន ដើរតាម ផ្លូវអភិវឌ្ឍន៍ សិទ្ធិមនុស្ស ដែល សមស្រប នឹង សភាព ការណ៍ ជាតិ នៃ ប្រទេសចិន រួមទាំងស្មារតីវេញចូលគ្នាជាធ្លុងមួយដ៏ខ្លាំងក្លារវាងបេះដូងបក្ស បេះដូងកងទ័ព និងបេះដូងប្រជាជនដែលមានភាពស្អិតរមួត។

ជារួមមកឃើញថា ប្រធានបទសំខាន់នៃកិច្ចប្រជុំ ពេញអង្គលើកទី៦នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ដ ចិន អាណត្តិ ទី ១៩ គឺផ្ដោតលើបញ្ហាមនោគមន៍វិជ្ជានិងបញ្ហាពង្រឹងបក្សឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលបានឆ្លុះបញ្ចាំងតាមរយៈដំណើរការអង្គប្រជុំក្នុងអត្ថន័យនៃការកែទម្រង់ និងការប្ដេជ្ញាចិត្ត អនុវត្ដដ៏ខ្លាំងក្លានិងមោះមុតនៃបក្សកុម្មុយនីស្ដចិនក្នុងការជំរុញ និងអភិវឌ្ឍន៍ប្រទេសចិនប្រកបដោយស្ថេរភាពនិងឈរក្នុងលំដាប់យ៉ាងខ្ពស់បំផុតក្នុងជំហរពិភពលោក ដែលបានចារឹកជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ។

ជាទិដ្ឋភាពវិជ្ជមានដ៏ជាក់ស្ដែងនិងគួរឱ្យភ្ញាក់ផ្អើលគឺជាង ៧០ឆ្នាំនៃការគ្រប់គ្រងប្រទេសរបស់បក្សកុម្មុយនីស្ដចិនកន្លងមកនេះ ប្រទេសចិនមានសន្ទុះរីកចម្រើននិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក៏បានធ្វើឱ្យពិភពលោកបើកភ្នែកមើលមកចិនដោយក្រសែភ្នែកស្ញប់ស្ញែងចំពោះការរីកចម្រើនដ៏មហិមានេះ ព្រមទាំងទទួលបានការទទួលស្គាល់ជាទូទៅនិងការវាយតម្លៃខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមកដល់យុគសម័យចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាន់តែប្រកាន់ខ្ជាប់ក្នុងការតម្កល់ទុកសុភមង្គលនិងផលប្រយោជន៍ប្រជាជនជាចម្បងនិងបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិនរហូតបង្កើតបានជាគំរូល្អលើពិភពលោកទាំងមូលផងដែរ។

រឹតតែពិសេសទៅទៀតនោះ ប្រទេសចិនក៏បានរួមចំណែកយ៉ាងធំសម្បើមក្នុងការរក្សាបាននូវស្ថេរភាពសន្តិសុខ និងសេដ្ឋកិច្ច ក្នុងតំបន់និងក្នុងពិភពលោកឱ្យដើរឆ្ពោះទៅមុខដោយវិជ្ជមានតាមរយៈការផ្ដល់ជំនួយជាច្រើនដល់បណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោកដោយរួមមានទាំងកម្ពុជាផងដែរ ដែលចិនចាត់ទុកថាកម្ពុជាជាមិត្តដែកថែបរបស់ចិននិងត្រូវយកចិត្តទុកដាក់បំផុត ហើយបើតាម”គោលនយោបាយដ៍ច្បាស់លាស់ ឆន្ទះដ៏មុតមាំ ស្មារតីរួមដ៏រឹងប៉ឺង ការអនុវត្តដ៏ជាក់ស្ដែង សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅពិតប្រាកដរបស់បក្សកុម្មុយនីស្ដចិននិយាយជារួម និងថ្នាក់ដឹកនាំចិនកំពូលៗដ៏ស្មោះត្រង់ក្រោមការចង្អុលបង្ហាញរបស់ប្រធានរដ្ឋចិនលោក ស៊ី ជីនភីង និយាយដោយឡែក នោះប្រជាជាតិចិននឹងកាន់តែមានក្ដីសុខសាន្ត ប្រទេសចិនកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា និងក្លាយជាគំរូល្អនៃពិភពលោកយ៉ាងពិតប្រាកដ”៕

ដោយលោក ប៉ាង រតនា
មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner