អ្នកចរចាសកម្មនៅកិច្ចព្រមព្រៀងអាកាសធាតុ ប៉ុន្តែពិភពលោកនៅតែឆ្ងាយពីការកំណត់កំដៅរួម

ហ្គ្លាសហ្គូ៖​កាល​ពី​ថ្ងៃ​សៅរ៍​ ​​អ្នក​ការ​ទូត​មក​ពី​ប្រទេស​ជិត​ ២០០ ចូលរួម​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​មួយ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ ដោយ​​អំពាវ​នាវ​ឱ្យ​គ្រប់​រដ្ឋាភិបាល​​ត្រឡប់​​មក​វិញ​នាពេល​ឆ្នាំ​​ក្រោយ​ដោយ​មាន​​ផែនការ​រឹងមាំ​និងជាក់លាក់​ជាង​មុន​ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​​កម្ដៅ​ផែន​ដី​​ និង​ជំរុញ​ឱ្យ​ប្រទេស​អ្នក​មាន​​ផ្តល់​មូល​និធិ​ទ្វេដង​ដើម្បី​ការពារ​ប្រទេស​ក្រីក្រ​ពី​គ្រោះថ្នាក់​ដោយ​សារ​ផល​ប៉ះពាល់​បម្រែបម្រួល​​អាកាសធាតុ​​​​។​

យ៉ាង​ណា​មិញ​ ​​​គេ​មើល​ឃើញ​ថា​ការ​ឡើង​កម្ដៅ​ផែនដី​​ប្រហែល​ជា​នឹង​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​ ​​ទោះ​បី​ជា​មាន​ការ​ទាមទារយ៉ាង​តក់​ក្រហល់​​ពី​​អ្នក​នយោបាយ​ អ្នក​បរិស្ថាន​ និង​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ ​​ប្រមូល​ផ្តុំ​គ្នា​​នៅ​ក្រុង​ Glasgow ​អំឡុង​ពេលកិច្ច​​ប្រជុំ​ក៏​ដោយ​។​

ភាព​ជោគ​ជ័យ​ ឬ​បរាជ័យ​របស់​កិច្ច​ព្រម​ព្រៀង​ ​ស្ថិត​នៅ​លើ​ថា​តើ​មេដឹក​នាំ​ពិភព​លោក​ឥឡូវ​នេះ​ អនុវត្ត​តាម​គោល​នយោបាយ​ថ្មី​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែរ​ឬ​ទេ​។​ ​ហើយ​​កិច្ច​​ព្រម​ព្រៀង​នេះ​ នៅ​តែ​ទុក​ឱ្យ​ប្រទេស​​ងាយ​រង​គ្រោះ ​ខ្វះ​ខាត​ថវិកា​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​គ្រោះ​មហន្តរាយ​​អាកាស​ធាតុ​។​

​​ប៉ុន្តែ​​កិច្ច​ព្រម​ព្រៀង​ក៏​​បាន​​បង្កើត​​ការ​​យល់​ស្រប​​ច្បាស់​លាស់​​មួយ​​ដែល​​ប្រទេស​​ទាំង​អស់​​ត្រូវ​​​​ធ្វើ​​​​ភ្លាមៗ​​ដើម្បី​​ការពារ​​ការ​​កើន​ឡើង​​ដ៏​​អាក្រក់​​នៃ​​សីតុណ្ហភាព​​ពិភព​លោក​ រួម​ទាំង​​ច្បាប់​​តម្លាភាព​ ដើម្បី​​ឲ្យ​​ប្រទេស​​នានា​​ទទួល​​ខុស​ត្រូវ​​ចំពោះ​​វឌ្ឍនភាព​​ដែល​​ពួក​គេ​​​ធ្វើ​ ​ឬ​​មិន​​បាន​​ធ្វើ​។​

​​​លោក ​Ani Dasgupta ​ប្រធាន​វិទ្យាស្ថាន​ធន​ធាន​ពិភព​លោក​​និយាយ​ថា​៖​ «​រថភ្លើង​កំពុង​ផ្លាស់​ទី​ ហើយ​ប្រទេស​ទាំង​អស់​ត្រូវ​ឡើង​ជិះ។​ ​​ប្រសិន​បើ​​ពិភព​លោក​​នឹង​​យក​ឈ្នះ​​វិបត្តិ​​អាកាស​ធាតុ​ នោះ​​គ្មាន​​នរណា​​ម្នាក់​​អាច​​អង្គុយ​​នៅ​​ខាង​​ក្រៅ​​បាន​​ឡើយ​​​»​​​។​

​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​មិ​ន​បាន​បំពេញ​តាម​ពេល​វេលា​នោះទេ​ ​ទោះ​បី​ជា​​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​រលក​កម្ដៅ​នៅ​កាណាដា ​​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​​អាល្លឺម៉ង់​ និង​ញូវ​យ៉ក​ និង​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ស៊ីបេរី​ត្រឹម​តែ​ឆ្នាំនេះ​​ក៏​ដោយ​។​ ​

​​អ្នក​ស្រី ​Shauna Aminath ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​ម៉ាល់ឌីវ​ដែល​ជា​កោះក្នុ​ង​មហាសមុទ្រ​ឥណ្ឌា​ងាយ​រង​នឹង​ការ​ឡើង​នៃ​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​គឺ​មិន​ស្រប​តាម​ភាព​បន្ទាន់​ និង​ទំហំ​ដែល​ត្រូវ​កា​រ​​​។​ អ្នក​ស្រី​បន្ត​ថា​៖​ «​អ្វី​​ដែល​​មើល​​ទៅ​​មាន​​តុល្យភាព​ និង​​ប្រាកដ​និយម​​ចំពោះ​​ភាគី​​ផ្សេង​​ទៀត​ ​នឹង​​មិន​​ជួយ​​ម៉ាល់ឌីវ​​សម្រប​​ខ្លួន​​បាន​​ទាន់​​ពេល​​វេលា​ទេ​ ហើយ​វា​នឹង​យឺត​ពេល​ហើយ​សម្រាប់​កោះ​ម៉ាល់ឌីវ​»​។​

​​​ក្នុង​ម៉ោង​ចុង​ក្រោយ​នៃ​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ អ្នក​ចរចា​​ប៉ះ​ទង្គិច​គ្នា​ជុំ​វិញ​ពាក្យ​សម្តី​ដែល​​អំពាវ​នាវ​ឱ្យ​​ប្រទេស​នានា​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថាមពល​ធ្យូង​ថ្ម​ និង​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​សម្រាប់​ប្រេង​ និង​ឧស្ម័ន​។​ ឥន្ធនៈ​ហ្វូស៊ីល​មិន​ដែល​ត្រូវ​បាន​លើក​ឡើង​ឱ្យ​បាន​ច្បាស់​​ក្នុង​កិច្ច​ព្រម​ព្រៀងអា​កាស​ធាតុ​ពិភព​លោក​ពី​មុន​មក​ទេ​ ទោះ​បី​​​វា​ជា​មូលហេតុ​ចម្បង​នៃ​ការ​ឡើង​កំដៅ​ផែន​ដី​ក៏​ដោយ​។​ ​

ក្នុង​កិច្ច​ប្រជុំ​កំពូល​ មេ​ដឹក​នាំ​ពិភព​លោក​និយាយ​ថា​គោល​ដៅ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​ការពារ​ផែន​ដី​មិន​ឱ្យ​ឡើង​កម្ដៅ​លើស​ពី​ ១,៥ ​អង្សាសេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម​។​ អ្នក​វិទ្យាសាស្ត្រ​​ព្រមាន​កាល​ពី​អតីត​កាល​ថា​  ហានិភ័យ​នៃ​រលក​កម្ដៅ​ដ៏​សាហាវ​ ព្យុះ​បំផ្លិច​បំផ្លាញ​ កង្វះ​ទឹក​ និង​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​​ដែល​បច្ចុប្បន្ន​ កម្ដៅ​ឡើង​ត្រឹម​តែ​ ១,១​ អង្សាសេ​ប៉ុណ្ណេះ​។​

​ប៉ុន្តែ​ទោះ​បី​ជា​ប្រទេស​នានា​​ប្តេជ្ញា​ថា​នឹង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខាង​អាកាសធាតុ​របស់​ខ្លួន​ទាំង​មុន​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ Glasgow ​ក្ដី​ ក៏​ពួក​គេនៅ​​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ខ្លី​នៅ​ឡើយ​។​ យោង​តាម​អ្នក​វិភាគ​​ ​ផែន​ការ​លម្អិត​ដែល​រដ្ឋាភិបាល​នានា​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​បំភាយ​ឥន្ធនៈ​ហ្វូស៊ីល​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ចន្លោះ​ពេល​បច្ចុប្បន្ន​ដល់​ឆ្នាំ ​២០៣០ ​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ឡើង​កម្ដៅ​ប្រហែល​ ២,៤ ​អង្សាសេ​នៅ​សតវត្សរ៍​នេះ​​​។​

​លោក​ Niklas Höhne ​អ្នក​ជំនាញ​អាកាស​ធាតុ​អាល្លឺម៉ង់​​​នៅ​វិទ្យាស្ថាន​ NewClimate ​និយាយ​ថា​៖​ «​ប្រទេស​នានា​នៅ​តែ​មិន​យល់​ថា​ យើង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ ហើយ​យើង​ត្រូវ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ឱ្យ​បាន​លឿន​ជាង​មួយ​ទសវត្សរ៍​នេះ ​បើ​មិន​ដូច្នេះ​ទេ​ ក្តី​សង្ឃឹម​នៃ​ការ​រក្សា​សីតុណ្ហភាព​ ១,៥ ​អង្សាសេ​នឹង​ត្រូវ​បាត់​បង់​»​។​ ​

ការ​​ផ្តោត​សំខាន់​នៃ​កិច្ច​ពិភាក្សា​នៅ​ឆ្នាំ​នេះ​ គឺ​របៀប​ជំរុញ​ប្រទេស​នីមួយ​ៗ​បង្កើន​សកម្មភាព​បន្ថែម​ទៀត​។​ ​ក្រោម​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ដ៏​ធំ​​កាល​លើក​មុន​ក្នុង​ឆ្នាំ ​២០១៥ នា​ទី​ក្រុង​ប៉ារីស​ រដ្ឋាភិបាលមិ​ន​ត្រូវ​បាន​គ្រោង​ឱ្យ​ត្រឡប់​មក​វិញ​​ជាមួយ​នឹង​ការ​សន្យា​អាកាសធាតុ​ថ្មី​ជា​ផ្លូវ​ការ​ទេ​​​។​

កិច្ច​ព្រមព្រៀង​ថ្មី​នាទី​ក្រុង​ Glasgow ​ស្នើឱ្យ​ប្រទេស​នានា​ត្រឡប់​មក​វិ​ញ​នៅ​ចុង​ឆ្នាំ​ក្រោយ​ ជាមួយ​នឹង​ការ​សន្យា​កាន់​តែ​រឹង​មាំ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​នៅ​ឆ្នាំ​ ២០៣០​។​ ទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​នេះប​ញ្ជាក់​យ៉ាង​ច្បាស់​ថា​ជា​មធ្យម​ ប្រទេស​ទាំង​អស់​នឹង​ត្រូវ​កាត់ប​ន្ថយ​ការ​បញ្ចេញ​កាបូន​ឌីអុកស៊ីត​របស់​ខ្លួន​​​ឱ្យ​បាន​ត្រឹម​ឆ្នាំ​ ២០៥០ ​ក្ដី​​ ​ចម្ងល់​ថា​តើ​បន្ទុក​នៃកា​រកា​ត់​ទាំង​នោះ​នឹង​ត្រូវ​ចែក​រំលែក​ក្នុង​ចំណោម​ប្រជាជាតិ​យ៉ាង​ដូច​ម្តេច​ មិន​ត្រូវ​គេ​លើក​ឡើង​និយាយ​ឱ្យ​ច្បាស់​នោះ​ទេ​។​​

​​មួយ​ទសវត្សរ៍​មុន​ក្នុង​ឆ្នាំ​ ២០០៩ ​បណ្តា​ប្រទេស​អ្នក​មាន​លើ​ពិភព​លោក​​សន្យា​ថានឹ​ង​ប្រមូល​ថវិកា​ចំនួន​ ១០០ ​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​ជួយ​ដល់​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​ ២០២០ ​ប៉ុន្តែ​​បរាជ័យ​ក្នុង​ការ​ធ្វើ​តាម​សន្យា​។​

កិច្ច​​ព្រម​​ព្រៀង​​​ថ្មី​​​ព្យាយាម​​បំពេញ​​ចន្លោះ​​ប្រហោង​​មួយ​​ចំនួន​​ដែល​ធ្វើ​ឱ្យ​បរាជ័យ​ដូច​ជា​ការ​​ជំរុញ​ឱ្យ​អ្នក​មាន​​ផ្ដល់​ហិរញ្ញ​វត្ថុ​ទ្វេ​ដង​ជា​ដើម​។​ លើស​ពី​នេះ​​ វា​ក៏​បង្កើត​ដំណើរ​ការ​សម្រាប់​ស្វែង​រក​គោលដៅ​រួម​សម្រាប់​ហិរញ្ញ​វត្ថុ​រយៈ​ពេល​វែង​ ទោះ​បី​ជា​ដំណើរ​ការ​នោះ​អាច​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ ប៉ុន្តែ​ប្រទេស​កំពុង​អភិវឌ្ឍ​និយាយ​ថា​ខ្លួន​ត្រូវ​ការ​ជំនួយ​បន្ទាន់​នៅ​ទសវត្សរ៍​​នេះ​ក្ដី​​។​​

​​​បច្ចុប្បន្ន ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ភាគ​ច្រើន​​សន្យា​ថា​ឱ្យ​ឈាន​ដល់​​អព្យាក្រឹត្យ​កាបូន​ ​ដែល​ជា​ការ​សន្យាដ៏​សំខាន់​ក្នុង​ការ​បញ្ឈប់​ការបំភាយ​​ឧស្ម័ន​ផ្ទះ​កញ្ច​ក់​ទៅ​ក្នុង​បរិយាកាស​។​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​​និយាយ​ថា​ ពួក​គេ​នឹង​ធ្វើ​ដូច្នេះ​នៅ​ឆ្នាំ​ ២០៥០ ​​ចិន​នៅ​ឆ្នាំ ​២០៦០ ​និង​ឥណ្ឌា​​​នៅ​ឆ្នាំ​ ២០៧០​។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner