លោកប្លីនខែន ថាប្រទេសកាតានឹងតំណាងសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃ​សុក្រ​ ទី​១២ វិច្ឆិកា​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​អាន់តូនី​ ប្លីនខែន​ បាន​និយាយ​ថា​ប្រទេស​មជ្ឈិមបូព៌ា​កាតា​ នឹង​ដើរ​តួ​ជា​អ្នក​តំណាង​ការទូត​របស់​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​នឹង​តំណាង​ផល​ប្រយោជន៍​របស់​អាមេរិក​ និង​ជួយ​ដំណើរ​ការ​ពាក្យ​សំណើ​ទិដ្ឋាការ​សម្រាប់​មនុស្ស​រាប់​នាក់​ដែល​ចង់​ភៀស​ខ្លួន​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់​។

ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កាតា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ទំនាក់ទំនង​ដ៏​ផុយ​ស្រួយ​រវាង​ក្រុម​តាលីបង់​ និង​សហរដ្ឋអាមេរិក​។ ប្រទេស​មួយ​នេះ​បាន​ជួយ​រៀប​ចំ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​បញ្ចប់​សង្គ្រាម​ ហើយ​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ជាង​ ៦០.០០០ នាក់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ក្រុម​តាលីបង់​ចូល​កាន់​អំណាច​នៅ​ខែ​សីហា​។

សហរដ្ឋអាមេរិក​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​ក្រុម​តាលីបង់​ថា​ស្រប​ច្បាប់​ទេ​ ហើយ​បាន​បិទ​ស្ថានទូត​នៅ​ក្រុង​កាប៊ុល​ក្នុង​កំឡុង​ពេល​នៃ​ការ​ជម្លៀស​ដ៏​ច្របូកច្របល់​។ លោក​ប្លីនខែន​បាន​និយាយ​ថា​នៅ​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​នេះ​ប្រទេស​កាតា​នឹង​ទទួល​ភារកិច្ច​ការទូត​អាមេរិក​មួយ​ចំនួន​ដូចជា​សេវា​ស្ថានកុងស៊ុល​ និង​ឃ្លាំ​មើល​ស្ថាន​ភាព​ និង​សន្តិសុខ​នៃ​អចលន​ទ្រព្យ​របស់​អាមេរិក​ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​អាហ្វហ្គានីស្ថាន​។ យ៉ាង​ណា​មិញ មន្ត្រី​អាមេរិក និង​តាលីបង់ បន្ត​ជួប​ប្រជុំ​គ្នា ដោយ​រួម​ទាំង​ថ្មី​ៗ​នេះ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​មនុស្សធម៌ ដែល​គំរាមកំហែង​វាយ​លុក​អាហ្វហ្គានីស្ថាន នៅ​រដូវ​រងា​ដែល​ជិត​មក​ដល់​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner