គ្រោះរញ្ជួយដី ដ៏កក្រើកចំនួនពីរវាយប្រហារលើប្រទេសអ៊ីរ៉ង់ បណ្តាលអោយមនុស្សម្នាក់ស្លាប់
តេហេរ៉ង់៖ គ្រោះរញ្ជួយដីដ៏កក្រើកចំនួនពីរបានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងធ្វើអោយប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោរត់ពាសពេញដងផ្លូវ។ ប្រធានមជ្ឈមណ្ឌលគ្រោះរញ្ជួយដីអ៊ីរ៉ង់លោក Esmaeil Bayramnejad បានប្រាប់ទូរទស្សន៍រដ្ឋថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ មួយមានកម្រិត ៦.៤រ៉ិកទ័រ និងមួយទៀតមានកម្រិត ៦.៣រ៉ិកទ័រ បានវាយប្រហារផ្ទួនៗគ្នានៅក្នុងតំបន់ក្បែរកោះ Qeshm ជិតទីក្រុងកំពង់ផែ Bandar Abbas កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានបញ្ជាឱ្យមានការប្រមូលផ្តុំគណៈរដ្ឋមន្ត្រីរបស់លោកជាបន្ទាន់ ដើម្បីពិភាក្សាអំពីវិធានការធានាសុវត្ថិភាពដល់តំបន់ដែលរងផលប៉ះពាល់។ បន្ថែមលើនេះ លោកក៏បានបញ្ជាឱ្យអនុប្រធានាធិបតីទីមួយរបស់លោក គឺលោក Mohammad Mohkber ធ្វើដំណើរទៅកាន់ខេត្ត Hormozgan ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់ផងដែរ។
មន្ត្រីសង្គ្រោះបន្ទាន់បានប្រាប់ទូរទស្សន៍រដ្ឋថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតបន្ថែមទៀតទេ។ ការដាច់ចរន្តអគ្គិសនី និងអ៊ីនធើណិតត្រូវបានគេរាយការណ៍នៅក្នុងខេត្ត ដែលរងផលប៉ះពាល់ ហើយតំបន់មួយចំនួនក៏បានជួបប្រទះការរំខាននៃប្រព័ន្ធទូរស័ព្ទលើតុផងដែរ។ មន្ត្រីបាននិយាយថា ពួកគេនឹងធ្វើការតភ្ជាប់ឡើងវិញក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ CGTN