លោក វ៉ាង យី៖ ចិននឹងបន្តផ្តល់វ៉ាក់សាំង Covid-19 ដល់បណ្តាប្រទេសអាស៊ាន

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងថា ប្រទេសរបស់លោកនឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (អាស៊ាន) រហូតដល់ការទទួលជ័យជម្នះចុងក្រោយនៃជំងឺរាតត្បាតនេះ។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ នៅពេលជួបជាមួយមន្ត្រីការទូតរបស់ប្រទេសអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ានបានកើនឡើងលើសពី ៤១០ពាន់លានដុល្លារនៅក្នុងឆមាសទីមួយ ឆ្នាំ២០២១នេះ កើនឡើង ៣៨.២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការជំរុញឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច។ ឆ្នាំក្រោយគឺជាខួបលើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។

លោក វ៉ាង បានបន្តថា ភាគីទាំងពីរគួរតែពន្លឿនក្រមសីលធម៌ក្នុងការចរចាបញ្ហានៅសមុទ្រចិនខាងត្បូង ហើយរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឱ្យកាន់តែប្រសើរឡើង។ បេសកជននៃបណ្តាប្រទេសអាស៊ានបានថ្លែងនូវការវាយតម្លៃខ្ពស់ អំពីលទ្ធផលជាផ្លែផ្កាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយប្រទេសក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ។ ពួកគេបានបន្ថែមថា ពួកគេនឹងធ្វើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិនលើវិស័យនានា រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ចបៃតង ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner