ឯកឧត្តម លី ខឺឈាំង ជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ ហើយនឹងផ្ដល់ ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាឆ្នាំក្រោយ

ភ្នំពេញ៖ ក្នុងជំនួបសន្ទនាការងារជាមួយតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដមន្ត្រីកម្ពុជា ថា ភាគីចិន នឹងចូលរួមកិច្ច ប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ ហើយនឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាឆ្នាំក្រោយនេះ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម លី ខឹឈាំង ហើយឆ្លៀតឱកាសនោះ សម្តេច បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជ ទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ។

សម្ដេចតេជោ ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន លុបបំបាត់ទាំងស្រុងនូវភាពទីទាល់ក្រក្នុងសង្គម ចិន និបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង ។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីត-19 ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។

លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥០០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិត កម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញ នាពេលឆាប់ៗនេះ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner