សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ជាជំនួយរបស់ចិន ២លានដូស នៅថ្ងៃស្អែកនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ បើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ២លានដូសបន្ថែមទៀត ដែលនឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមជម្រាបថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មកដល់ប្រទេសកម្ពុជា។ ចិន ក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកាន់កម្ពុជាផងដែរ។ ប្រទេសចិន ក៏បានក្លាយទៅជាប្រទេសដែលកម្ពុជា ជ្រើសយកធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូសផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ។

ដោយឡែកនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានបង្ហាញការប្តេជ្ញាចិត្តមុតមាំថា រដ្ឋាភិបាល និងប្រជាជនចិន នៅតែបន្តផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យផ្សេងៗទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner