ប្រធានាធិបតីបារាំង និងរុស្ស៊ីពិភាក្សាគ្នាតាមទូរស័ព្ទ ដែលផ្តោតលើវិបត្តិជនភៀសខ្លួន និងអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាគ្នាអំពីវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនរវាងបេឡារុស្ស និងសហភាពអឺរ៉ុប (EU) ក៏ដូចជាស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានលើកឡើងថា លោក ពូទីន បានកត់សម្គាល់ពីការប្រព្រឹត្តដ៏ឃោរឃៅបំផុតចំពោះជនភៀសខ្លួនដោយឆ្មាំព្រំដែនប៉ូឡូញ ហើយបានជូនដំណឹងដល់លោក ម៉ាក្រុង អំពីទំនាក់ទំនងនាពេលថ្មី ៗរបស់លោកជាមួយប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌឺ លូកាសិនខូ ស្តីពីវិបត្តិជនអន្តោប្រវេសន៍។ ជាមួយគ្នានេះ លោក ពូទីន បានជំរុញឱ្យថ្នាក់ដឹកនាំបេឡារូស និងបណ្តាប្រទេសអឺរ៉ុបជួបពិភាក្សាដោយផ្ទាល់លើបញ្ហានេះ។ មេដឹកនាំជាច្រើនបានសម្តែងការមិនពេញចិត្ត ចំពោះការខ្វះការជឿនលឿនក្នុងការដោះស្រាយជម្លោះនៅទីក្រុងដុនបាស់ ភាគខាងកើតអ៊ុយក្រែន។
លោក ពូទីន បានចង្អុលទៅលើ “លក្ខណៈបង្កហេតុ” នៃសមយុទ្ធទ្រង់ទ្រាយធំដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅសមុទ្រខ្មៅ ដែលបានបង្កើនភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ។ ចំពោះទំនាក់ទំនងរវាងរុស្ស៊ី-បារាំងវិញ លោក ពូទីន និងលោក ម៉ាក្រុង បានសរសើរកិច្ចប្រជុំទៀងទាត់របស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ប្រធានាធិបតីទាំងពីរក៏បាននិយាយក្នុងការគាំទ្រដល់ការបន្តកិច្ចពិភាក្សាទ្វេភាគីទៅលើបញ្ហានយោបាយយោធាផងដែរ៕ ប្រភព៖ ស៊ីនហួរ


