មេដឹកនាំអាល្លឺម៉ង់ និងបេឡារូសពិភាក្សាគ្នាស្តីពីការផ្តល់ជំនួយដល់ជនភៀសខ្លួននៅតាមព្រំដែនបេឡារូស-សហភាពអឺរ៉ុប
ប៊ែរឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាក់ថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល និងប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌឺ លូកាសិនខូ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកដែលជាប់គាំងនៅព្រំដែនសហភាពអឺរ៉ុប-បេឡារូស។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី មឺហ្គែល និងលោក លូកាសិនខូ បាននិយាយអំពីស្ថានភាពលំបាកនៅតាមព្រំដែនរវាងប្រទេសបេឡារូស និងសហភាពអឺរ៉ុប ជាពិសេសអំពីតម្រូវការជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកនៅទីនោះ ជាពិសេសការបន្តការផ្លាស់ប្តូររបស់មេដឹកនាំទាំងពីរទៅលើបញ្ហាទាំងនេះ។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពជនភៀសខ្លួននៅតាមព្រំដែនបេឡារូសជាមួយប៉ូឡូញ លីទុយអានី និងឡាតវី ក៏ដូចជាមធ្យោបាយ និងការរំពឹងទុកនៃការដោះស្រាយបញ្ហា ដើម្បីទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍នៅតាមព្រំដែនផងដែរ។ ចាប់តាំងពីដើមខែនេះ ជនភៀសខ្លួនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតបានមកដល់ព្រំដែនប្រទេសបេឡារូស ក្នុងការប៉ុនប៉ងចូលទៅកាន់ប្រទេសប៉ូឡូញ និងបន្ទាប់មកប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។
ភាពតានតឹងស្រដៀងគ្នានេះក៏លេចឡើងនៅលើព្រំដែនបេឡារូស-ឡាតវី និងបេឡារូស-លីទុយអានី។ សហភាពអឺរ៉ុបបានស្តីបន្ទោសបេឡារូសចំពោះវិបត្តិជនចំណាកស្រុកនាពេលបច្ចុប្បន្ននៅតាមព្រំដែនខាងក្រៅរបស់ខ្លួនផងដែរ។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅថ្ងៃចន្ទម្សិលមិញ ក៏បានយល់ព្រមលើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារូសផងដែរ ប៉ុន្តែទោះជាយ៉ាងណា បេឡារូសបានបដិសេធការចោទប្រកាន់នេះ ហើយបានបង្ហាញពីការត្រៀមខ្លួនសម្រាប់ការសន្ទនា៕ ប្រភព៖ ស៊ីនហួរ

