កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ប្រារព្ធរសៀលថ្ងៃនេះ នៅវិមានរដ្ឋសភា
ភ្នំពេញៈកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១(ASEP11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹង ចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិចិ្ឆកាឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បី សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”។ កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។
តាមកម្មវិធីក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជាសហប្រធាន ASEP11 និងក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍សុន្ទរកថាគន្លឹះ និងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ។ ថ្នាក់ដឹកនាំ និងតំណាងសភា នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕
ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុបដោយផ្តោតលើការពង្រឹងភាពជាដៃគូសំដៅលើកកម្ពស់សន្តិភាពសន្តិសុខ វឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ការរៀបចំព្រឹត្តិការណ៍ សំខាន់ទាំងពីរនេះ ASEP និង ASEM ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូលបង្ហាញពីតួនាទីសំខាន់លើឆាក អន្តរជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជានៅក្នុងវិស័យការបរទេស ក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។
ក្រៅពីការងារស្នូលនៃកិច្ចប្រជុំ ដែលត្រូវពិភាក្សាលើបញ្ហាកំពុងប្រឈមរបស់ពលរដ្ឋនៅក្នុងតំបន់ទាំងពីរ ក៏ដូចជាបញ្ហាសកល ដែលក្នុងនោះរួមមានបញ្ហា ជំងឺរាតត្បាត អសន្តិសុខ ពាណិជ្ជកម្ម បរិស្ថាន សង្គម សេដ្ឋកិច្ច ជាដើមនោះ ព្រឹត្តិការណ៍នេះក៏ជាឱកាសដែលកម្ពុជាបង្ហាញពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្លួនដល់អន្តរជាតិ ពិសេសប្រជាពលរដ្ឋនៅទាំងពីរទ្វីប បានដឹង ក៏ដូចជាការទាក់ទាញ ទាំងអ្នកទេសចរ និងវិនិយោគឱ្យមកទស្សនានិងបណ្តាក់ទុនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាញជាង២ ឆ្នាំមកនេះ៕
ដោយៈជម្ពូនុទ