រថយន្តកូរ៉េមួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ជ្រុលចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតរថយន្ត និងសួនច្បារទ្រូងផ្លូវយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ខ្លួនពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5490 បើកបររួមដំណើរមានគ្នាពីនាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែគេចរថយន្តមួយគ្រឿងទៀត ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតរថយន្ត និងខូចខាតសួនច្បារទ្រូងផ្លូវបាក់បេតុងយ៉ាងដំណំផងដែរ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមើលឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner