អ្នកនាំពាក្យវិមានក្រឹមឡាំង៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួននៅតាមព្រំដែនប៉ូឡូញ-បេឡារុស្ស

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនប៉ូឡូញ និងបេឡារុស។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រុស្ស៊ីនឹងបំពេញតួនាទីជា “អ្នកសម្របសម្រួល” ក្នុងការចរចានេះ។ ទន្ទឹមនោះ លោកក៏បានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកអំពីការចូលរួមរបស់រុស្ស៊ី ក្នុងការបង្កើនភាពតានតឹង និងការប្រើប្រាស់ស្ថានភាពដើម្បីបង្វែរការយកចិត្តទុកដាក់ពីស្ថានភាពនៅអ៊ុយក្រែនផងដែរ។ លោក Peskov ក៏បានអះអាងដែរថា វាជារឿងខុសដែលគ្មានមូលដ្ឋាន ក្នុងការស្តីបន្ទោសប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ឌឺ លូកាឈិនកូ ចំពោះបញ្ហានេះ។ បន្ថែមលើនេះ លោក Peskov ក៏បានរិះគន់ប្រទេសលោកខាងលិចចំពោះការព្រងើយកន្តើយចំពោះផ្នែកមនុស្សធម៌នៃបញ្ហានេះ ដោយបានបិទភ្នែកមើលជនភៀសខ្លួនរាប់ពាន់នាក់ ដែលឥឡូវនេះកំពុងព្យាយាមរស់រានមានជីវិតក្រោមអាកាសធាតុត្រជាក់។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែនេះ ជនភៀសខ្លួនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតបានមកដល់ព្រំដែនប្រទេសបេឡារុស ក្នុងការប៉ន់ប៉ងចូលទៅកាន់ប្រទេសប៉ូឡូញ និងបន្ទាប់មកប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ ប៉ូឡូញ​បាន​ដាក់​កង​ទ័ព​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​តាម​បណ្តោយ​ព្រំដែន។ ភាពតានតឹងស្រដៀងគ្នានេះក៏លេចឡើងនៅតាមព្រំដែនបេឡារុស-ឡាតវី និងបេឡារុស-លីទុយអានីផងដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner