ជប៉ុន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធកងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង

តូក្យូ៖ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) និយាយថា ខ្លួនបានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកអាមេរិកនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានបញ្ជូននាវាមុជទឹកទៅចូលរួមក្នុងសមយុទ្ធបែបនេះជាលើកដំបូង។

កងកម្លាំង MSDF បានប្រកាសថា ក្រៅពីនាវាមុជទឹក នាវាពិឃាតពីរគ្រឿង និងយន្តហោះល្បាតមួយគ្រឿងទៀតក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ខណៈកងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាពិឃាត និងយន្តហោះល្បាត។ សមយុទ្ធនេះ បើតាមសេចក្តីរាយការណ៍នោះ រួមមានការហ្វឹកហ្វឺនប្រឆាំងនាវាមុជទឹក ដែលពាក់ព័ន្ធនឹងការតាមដាននាវាចរណ៍ក្រោមទឹក។ កងកម្លាំង MSDF បន្ថែមថា នេះជាលើកទីមួយហើយ ដែលជប៉ុន និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងជាមួយនឹងនាវាមុជទឹក។

គួរបញ្ជាក់ថា ចិន​បាន​និង​កំពុង​បង្កើន​វត្តមានរបស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​មធ្យោបាយ​មួយចំនួន ដូចជា ​ការ​សាងសង់​កោះ​សិប្បនិម្មិត ​ដើម្បី​បង្កើត​មូលដ្ឋាន​យោធាជាដើម។ ទន្ទឹមនេះ សហរដ្ឋ​អាមេរិកក៏​កំពុង​ព្យាយាម​ប្រឆាំង​នឹង​ទង្វើ​បែប​នេះផងដែរ ដោយ​បង្កើត​ក្របខណ្ឌ​សន្តិសុខ​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក ដោយ​បាន​ហ៊ុំព័ទ្ធ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា សមយុទ្ធរួមគ្នានេះត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ពីភាពជាដៃគូរបស់ជប៉ុន-អាមេរិក និងគោលបំណងរបស់ខ្លួនក្នុងការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ហើយក៏ដើម្បីរក្សាប្រទេសចិនអោយស្ថិតក្រោមការឃ្លាំមើលផងដែរ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner