Netflix ប្រឈមនឹងបណ្ដឹងលើរឿងភាគ The Unlikely Murder អំពីឃាតកម្មនាយករដ្ឋមន្ត្រីស៊ុយអែតលោក Olof Palme

ឯកសារ​ផ្លូវ​ច្បាប់​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា​ ក្រុមហ៊ុនចាក់​ផ្សាយ​វីដេអូ​តាមបណ្ដាញ​​អ៊ីន​ធឺណែត​​​ Netflix ​ប្រឈម​មុខនឹ​ង​បណ្តឹង​បរិហារ​កេរ្តិ៍​នៅ​ប្រទេស​ស៊ុយអែត​ ជុំ​វិញ​រឿង​ភាគ​របស់​ខ្លួន​ឈ្មោះ ​The Unlikely Murderer ​ជា​ប់​ពាក់​ព័ន្ធ​ជន​សង្ស័យ​សំខាន់​ក្នុង​ឃាតកម្ម​នាយករដ្ឋ​មន្ត្រីស៊ុ​យអែត​លោក​ Olof Palme ​កាល​ពី​ឆ្នាំ​ ១៩៨៦ ​។​ ​​

តាម​ការ​ចុះ​ផ្សាយ​របស់​សារពត៌មាន​​អាអេហ្វប៉េ​​ ​បណ្ដឹង​ដែល​ដាក់​ជូន​អធិការបតី​នៃ​ប្រទេសស៊ុ​យអែត​ដែល​កាន់​សំណុំ​រឿង​សេរីភាព​នៃ​ការបញ្ចេញ​មតិ​អះអាង​ថា​ ការ​បង្ហាញ​ពី​អតីត​ទីប្រឹក្សា​ផ្សាយ​ពាណិជ្ជកម្ម​លោក​ Stig Engstrom ​ជា​ខ្មាន់​កាំភ្លើង​ ​គឺ​ជា​ «​ករណី​បរិហារ​កេរ្តិ៍​យ៉ាង​ច្បាស់​លាស់​»​។​

​លោក Engstrom ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​គោល​នយោបាយ​ឆ្វេង​និយម​របស់​លោក​ Palme ​​និង​ស្លាប់​នៅ​ឆ្នាំ​ ២០២០ ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ជន​សង្ស័យ​សំខាន់​នៅ​ក្នុង​​សំណុំ​រឿង​ឃាត​កម្ម​​ក្នុង​ខែមិ​ថុនា​ ឆ្នាំ ​២០២០។​ ប៉ុន្តែ​ប្រធាន​រដ្ឋ​អាជ្ញា​លោក​ Krister Petersson ​​និយាយ​ថា​ ដោយ​សារ​តែ​លោក​ Engstrom ​​ស្លាប់​បាត់​ទៅ​ហើយ​នោះ​ គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ធ្វើ​ឡើង​ ហើយ​សំណុំ​រឿង​ក៏​​ត្រូវ​បិទ​។​

​លោក​ Palme ​ត្រូវបា​ន​គេ​បាញ់​សម្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​ ២៨ ​ខែ​កុម្ភៈ​ ឆ្នាំ​ ១៩៨៦​​ បន្ទាប់​ពី​​ចេ​ញ​ពី​រោងកុន​ក្នុង​ក្រុង​ Stockholm ​ជាមួយ​ប្រពន្ធ​របស់​លោក​។​ លោក​​ត្រូវ​​ជន​​ដៃ​ដល់​​បាញ់​​​ចំ​​ខ្នង​ហើយ​​រត់​គេច​​​ពី​​កន្លែង​​កើត​ហេតុ​ ចំណែក​ឯ​​​មេ​ដឹក​នាំ​ស៊ុយអែត​ដែល​កាល​នោះ​វ័យ​​៥៩​​​ឆ្នាំ​​ ត្រូវ​ស្លាប់​​ក្នុង​​ថ្លុក​​ឈាម​​​​​លើ​​ចិញ្ចើម​ផ្លូវ​។​

លោក​ Engstrom ​បង្ហាញ​​ខ្លួន​​ទៅ​​ប៉ូលិស​​ក្នុង​​នាម​​ជា​​សាក្សី​​មុន​​ពេល​​ការ​​ស៊ើប​អង្កេត​។​ ​រឿង​ The Unlikely Murderer ​របស់​ Netflix ​​ដែល​មាន​ប្រាំ​វគ្គ​​ ផ្អែក​លើ​សៀវភៅ​ដែល​ឈ្នះ​ពាន​រង្វាន់​ឆ្នាំ​ ២០១៨ ​ដោយ​អ្នក​រាយការណ៍​ស៊ើប​អង្កេត​លោក​ Thomas Pettersson ​ដែល​ថា​លោក​ Engstrom ​ជា​អ្នក​បាញ់​លោក​ Palme ​បន្ទាប់​មក​ក៏​បិទ​បាំង​សកម្មភាព​របស់​លោក​ដោយ​ធ្វើ​ជា​សាក្សី​។​

​​ការ​​បង្ហាញ​បែប​​​នេះ​​​បង្ក​​ឱ្យ​​មាន​​ភាព​​ចម្រូង​ចម្រាស​​ក្នុង​​ប្រទេស​​ស៊ុយអែត​។​ ក្រុមហ៊ុ​ន ​Netflix ​​​ការពារ​​រឿង​របស់​ខ្លួន​​ថា​​​ជា​​ការ​​បំផុស​​គំនិត​​ដោយ​​សៀវភៅ​​របស់​លោក ​Pettersson​។​ នៅ​ចុង​បញ្ចប់​នៃ​វគ្គ​នីមួយ​ៗ​នៃ​រឿង​មាន​និយាយ​​​ថា​ លោក​ Engstrom ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ថា​ជា​ឃាតក​រ​នោះ​ទេ​។​

​អធិការបតី​នៃ​ការិយាល័យ​យុត្តិធម៌​​និយាយ​កាល​ពី​ថ្ងៃ​អង្គា​រ​ថា​ អត្តសញ្ញាណ​របស់​បុគ្គល​ដែល​​ដាក់​ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍​ត្រូវ​ចាត់​ទុក​ជា​​សម្ងាត់​។​

​​ក្រុមហ៊ុន​ Netflix ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្តឹង​បរិហារ​កេរ្តិ៍​លើ​រឿង​ភាគ​ផ្សេង​ទៀត​ រួម​ទាំង​រឿង​ Making ​a​ Murderer​ ដែល​ផលិត​ឡើង​ក្នុង​ឆ្នាំ​ ២០១៥​ជាដើម​។

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner