អ្នកច្បាប់ពន្យល់ពីនីតិវិធីទាក់ទងនឹងការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិមេឧទ្ទាម សម រង្ស៊ី
ភ្នំពេញៈកាលពីពេលថ្មីៗនេះចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ដើម្បីយកលុយទៅឲ្យម្ចាស់បំណុលចំនួនបួនភាគី ។តែដំណើរការនៃការលក់អចលនទ្រព្យមួយនេះនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?។

អ្នកច្បាប់បានធ្វើការពន្យល់នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះអំពីនីតិវិធីនៃការលក់អចលនវត្ថុដែលជាកម្មសិទ្ធិរបស់ទណ្ឌិតឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ថានេះជាការប្រតិបត្តិនូវច្បាប់និងនីតិវិធីជាធរមានទាំងស្រុង។ពេលសាលក្រមចូលជាស្ថាពរភ្លាមមេធាវីដើមចោទបានដាក់ពាក្យសុំអនុវត្តដោយបង្ខំលើចំណុចរឹបអូសអចលនទ្រព្យលក់ឡាយឡុងដើម្បីសងសំណងជំងឺចិត្តដល់ដើមបណ្តឹង។
បន្តថាមកចៅក្រមទទួលបន្ទុកអនុវត្តចេញដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំយកទៅបិទមុខផ្ទះទុកជាការជូនដំណឹងដល់ភាគីចុងចោទ។បន្ទាប់មកចៅក្រមចេញដីកាសម្រេចចាត់តាំងក្រុមហ៊ុនណាមួយឬជំនាញសុរិយោដីចុះដល់ទីតាំងដើម្បីវាយតម្លៃផ្ទះដែលត្រូវលក់ឡាយឡុងនោះតាមហាងឆេង។ទទួលបានការវាយតម្លៃហើយចៅក្រមបញ្ជូនសំណុំរឿងនេះទៅអាជ្ញាសាលាដើម្បីអនុវត្តបន្តតាមនីតិវិធី។
ប្រភពដដែលបានបន្តថាអាជ្ញាសាលាដាក់តម្លៃក្រោមហាងឆេងរួចដាក់ដេញថ្លៃតាមស្រោមសំបុត្រ។បើនរណាដេញថ្លៃខ្ពស់ជាងផ្ទះនេះត្រូវបានទៅអ្នកដេញថ្លៃខ្ពស់នោះ។តែបើគ្មានអ្នកដេញថ្លៃទេអាជ្ញាសាលាត្រូវបញ្ចុះតម្លៃដេញថ្លៃហើយដាក់ដេញថ្លៃជាបន្តទៀតរហូតដល់សម្រេចតម្លៃលក់ឡាយឡុងបាន។
ចំណែកលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា នីតិវិធីរបស់តុលាការបានប្រព្រឹត្តទៅតាមលំដាប់ លំដោយរហូតចប់សព្វគ្រប់តាមច្បាប់ជាធរមានហើយបុគ្គលនេះត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្ដីសម្រេច របស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ានិងមាន អានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្ដន្ទាទោស ជនល្មើសនេះពីបទព្រហ្មទណ្ឌ និងកំណត់ផ្ដល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ។
បច្ចុប្បន្នបុគ្គលបំពានច្បាប់ឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ត្រូវប្រឈមនឹងអំណាចសាលក្រមសាលដីកាដែលចូលជា ស្ថាពរជាបន្តបន្ទាប់ទៀត ព្រមទាំងបង្ខាំងសុំអនុវត្តដោយបង្ខំជាបន្តបន្ទាប់ទៀតផងដែរ។
ប្រភពដដែលបន្តទៀតថា នីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុដែលជា កម្មសិទ្ធិរបស់ ពិរុទ្ធជនឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ដែលជាទ្រព្យឯកជនរបស់ពិរុទ្ធជននេះ ជាការប្រតិបត្តិនូវច្បាប់ និងនីតិវិធីជាធរមានទាំងស្រុង។ថ្វីត្បិតតែអចលនវត្ថុនេះធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃអតីតគណបក្សនយោបាយ ប៉ុន្តែទ្រព្យនេះជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ដែលមានកាតព្វកិច្ចត្រូវសងសំណង រដ្ឋប្បវេណីតាមអំណាចនៃសេចក្ដីសម្រេចស្ថាពររបស់តុលាការ ហើយមិនបានសងសំណងនោះដោយស្ម័គ្រចិត្ត។ នៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់លើអចលនវត្ថុនេះ អចលនវត្ថុនេះនឹងក្លាយជាកម្មសិទ្ធិរបស់ អ្នកទិញ ដែលបានដេញថ្លៃទិញពីតុលាការ ហើយបុគ្គល សម-វង្ស៊ី និង ជូឡុង-សូមួរ៉ា ឬជនណាក៏ដោយគ្មានសិទ្ធិទទួល បានអចលនវត្ថុនេះវិញឡើយ។ ការរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជន ឬកូនបំណុល តាមផ្លូវតុលាការ ជានីតិវិធីអនុវត្តជាប្រក្រតី លើគ្រប់បុគ្គលដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណី មិនមែនអនុវត្តចំពោះតែ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ទេ។
គួររំលឹកថាកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១តុលាការបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ដើម្បីយកលុយទៅឲ្យម្ចាស់បំណុលចំនួនបួនភាគីដែលក្នុងនោះមាន ដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដែលសរុបជាទឹកប្រាក់ ប្រមាណជាង ២លាន ៥សែនដុល្លារអាមេរិក។
ដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះនេះ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ។
ផ្ទះដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី គឺស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អតីតស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ)។
យោងតាមដីកាទាំង៤ ត្រូវបង់ប្រាក់ដល់ទៅ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ,បង់ប្រាក់៥សែនដុល្លារ ជូនសម្តេចចក្រី ហេង សំរិន ,បង់ប្រាក់ប្រមាណ៥សែនដុល្លារ ជូនសម្តេចក្រឡាហោម ស ខេងនិងបង់ប្រាក់ជាង ៤,៤សែន ដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។
យោងតាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះ គឺមានចំនួន ៤ មានដូចជាៈ
១. រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចតេជោ ហ៊ុន សែន និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសងតាមអំណាចសាលដីកាស្ថាពរ លេខ៤៩៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ របស់តុលាការកំពូល។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន ៤,០០០,០០០,០០០(បួនពាន់លាន)រៀល។
២. រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចក្រឡាហោម ស ខេង និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោកមេធាវី ហាក់ សៀកលី , ពេជ្រ សូរិយា និងលោកមេធាវីចៅ ប៊ុនហួនតំណាងដោយអាណត្តិរបស់ សម្តេចក្រឡាហោម ស ខេង បានស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់លក់ដោយបង្ខំនូវអចលនវត្ថុមានប័ណ្ណសំគាល់ សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានី ភ្នំពេញជាកម្មសិទ្ធិរបស់កួនបំណុលនៃការអនុវត្តឈ្មោះសមរង្ស៊ីដើម្បីទទួលបានការសងតាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៥៩៦៨”ត”ចុះថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០របស់សាលាដំបួងរាជធានីភ្នំពេញ។សិទ្ធិលើបំណុលដែលទាមទារប្រាក់ ចំនួន ២.០០០.០០០.០០០(ពីរពាន់លាន)រៀល។
៣.រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហេង សំរិនបានស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយ ផ្ទាល់ លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញមានទីតាំងស្ថិតនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កួនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពរ លេខ៣៥០ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន ២៥០,០០០,០០០ (ពីររយហាសិបលាន)រៀល។
៤. រវាងម្ចាស់បំណុលនៃការអនុវត្ត រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសហកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី និងឈ្មោះ ជូឡុង ស៊ូមួរ៉ា ។ ដោយមានលោកមេធាវី សួង ចាន់ថន និងលោកមេធាវី គួន សារឿន ជាមេធាវីរាជរដ្ឋាភិបាលបានស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ចុះថ្ងៃទី១៥ខែសីហាឆ្នាំ២០០៧ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាកម្មសិទ្ធិរបស់ កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង ស៊ូមួរ៉ា ដើម្បីទទួលបានការសងតាមអំណាចសាលក្រម ព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១របស់សាលាដំបូងរាជធានី ភ្នំពេញ។សិទ្ធិលើបំណុល ដែលទាមទារប្រាក់ចំនួន ១.៨០០.០០០.០០០ (មួយពាន់ប្រាំបីរយលាន) រៀល៕ដោយៈ ពលជ័យ