ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer

អត្ថបទដោយ៖
AMS OneMinute

ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer ដោយមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យសំខាន់ក្នុងករណីឃាតកម្មនាយករដ្ឋមន្ត្រីស៊ុយអែត លោក Olof Palme កាលពីឆ្នាំ១៩៨៦។

បណ្ដឹងដែលដាក់ជូនអធិការបតីនៃប្រទេសស៊ុយអែតដែលកាន់សំណុំរឿងសេរីភាពនៃការបញ្ចេញមតិអះអាងថា ការបង្ហាញពីអតីតទីប្រឹក្សាផ្សាយពាណិជ្ជកម្មលោក Stig Engstrom ជាខ្មាន់កាំភ្លើងបាញ់លោក Palme បន្ទាប់មកក៏បិទបាំងសកម្មភាពដោយធ្វើជាសាក្សី គឺជាករណីបរិហារកេរ្តិ៍យ៉ាងច្បាស់។

លោក Engstrom ត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយឆ្វេងនិយមរបស់លោក Palme និងស្លាប់នៅឆ្នាំ ២០២០។ លោក Engstrom ត្រូវបានគេដាក់ឈ្មោះថាជាជនសង្ស័យសំខាន់នៅក្នុងសំណុំរឿងឃាតកម្ម ប៉ុន្តែដោយសារតែលោកបានស្លាប់ ហើយគ្មានការចោទប្រកាន់ណាមួយធ្វើឡើងសំណុំរឿងក៏ត្រូវបិទ។

សព្វថ្ងៃ ក្រុមហ៊ុន Netflix កំពុងប្រឈមមុខនឹងការប្តឹងបរិហារកេរ្តិ៍លើរឿងភាគផ្សេងទៀត រួមទាំងរឿង Making a Murderer ដែលផលិតឡើងក្នុងឆ្នាំ ២០១៥ជាដើម។

ប្រភព៖ SCMP

ads banner