ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឺកភ្លៀងចំនួន៩៨គ្រួសារក្នុងស្រុករុក្ខគីរី ទទួលអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង

                     ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងរហ័ស ដែលបានកើតឡើងក្នុងភូមិសាស្ត្រស្រុករុក្ខគីរីដែលបាន បង្កឲ្យមានការលិចលង់ផ្ទះសម្បែង ជប្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពប្រមាណជិត១០០គ្រួសារ និងរងនូវការលិចលង់នូវផលដំណាំចម្ការមួយចំនួនទៀតផង។

      ក្មុងការចុះទៅនេះ ក៏មានវត្តមានអមដំណើរពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំជាទីប្រឹក្សាសម្តេចក្រឡាហោម និងបណ្តាមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន រួមនិងវត្តមាន អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុករុក្ខគីរីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានទីនោះផងដែរ។

      សូមបញ្ជាក់ថា៖ជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០០គ្រួសារ ស្រូវជិតមួយពាន់ហិកតា និងផលដំណាំរួមផ្សំមួយចំនួនទៀត តែទឹកនៅក្នុងស្រុករុក្ខគិរីកបានស្រកចុះវិញខ្លះហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកានេះ។ក៏ប៉ុន្តែ ទឹកជំនន់នេះបានបន្តហូរធ្លាក់ចុះទៅស្រុកមោងឫស្សីបណ្តាលឲ្យមានការកើនឡើងនៅ ក្នុងស្រុកមោងឫស្សី ។

     តាមការគូសបញ្ជាក់ពីលោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី បានឲ្យដឹងថា៖ ជំនន់ទឹកភ្លៀង នៅក្នុងស្រុករុក្ខគិរី បានបង្កនូវការប៉ះពាល់ដល់ឃុំចំនួន៥ រួមមាន៖ ឃុំបាសាក់, ព្រែកជីក, ព្រៃត្រឡាច, មុខរាណ៍, និង ឃុំស្តុកប្រវឹក។ ស្មើ នឹង៣០ភូមិ និងមានប្រជាពលរដ្ឋ ចំនួន ៩៨គ្រួសារ ស្មើនឹងមនុស្សរាយសរុប ៣៩២នាក់ ត្រូវបាន ជម្លៀស ទៅ កាន់ ទីទួលសុវត្ថិភាព។

     ដោយឡែកនៅស្រុកមោងឫស្សី លោក ឡុង សុភឺន អភិបាលរងស្រុក បានឱ្យដឹងថា៖ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកខ្លួន កំពុងបន្តជន់ហក់ឡើង ថែមទាំងបណ្ដាលឲ្យលិចលង់ដល់ផលដំណាំនិងផ្លូវថ្នល់មួយចំនួន ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៤៥០គ្រួសារ ទោះបីយ៉ាងណាជំនន់ទឹកភ្លៀងមានរយៈពេលខ្លី នៅក្នុងស្រុកទាំងពីរខាងលើនេះ វាមិនបង្កនូវផលប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស និងសត្វឡើយ។

       ក្នុងឱកាសចុះសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដែលបានជន្លៀសមកកានទីទួលសុវត្ថិភាព ស្ថិតក្មុងភូមិសាស្ត្រភូមិឈូកក្នុងឃុំបាសាក់ ស្រុករុក្ខគីរី ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបង  បានថ្លែងថា៖ ដោយមានការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងនិងដោយមើលឃើញពីការលំបាករបស់បងប្អូនដែលកំពុងរងផលប៉ះពាល់ផ្ទះសម្បែងនិងផលដំណាំចម្ការមួយចំនួនយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកធ្វើការជន្លៀសបងប្អូនមកទីទួលសុវត្ថិភាពនៅទីនេះ និងដើម្បីជាការឆ្លើយតបក្នុងការជួយដោះស្រាយសម្រាលដល់ការលំបាកក្នុងជីវភាពជាបណ្តោះអាសន្នដល់បងប្អូនដែលទទួលរងនូវផលប៉ះពាល់ ដោយគ្រោះមហន្តរាយកំពុងកើតមាននៅទិនេះ និង ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងមន្ទីរជំនាញពាក់ព័ន្ធបានពាំនាំនូវស្បៀងអាហារ និង គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម  ស ខេង  និង លោកជំទាវ ដើម្បីចែកជូននិងជួយសម្រាលការលំបាកដល់បងប្អូ ដែលកំពុងរង គ្រោះ ដោយជំនន់ទឹកភ្លៀង កន្លងមកនៅទីនេះ។

     ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវ និងជម្រុញដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះបងប្អូនដែលពុំទាន់បានចាក់វ៉ាក់សាំង ក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យអស់ និងបានធ្វើការដាស់តឿនដលបងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-19ដូសទី១ ឲ្យឆាប់រួសរាន់គ្រប់ៗគ្នា និងត្រូវទៅទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន នៃ ស្រុក-ឃុំ របស់ខ្លួន៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner