ពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាពិភពលោក

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)តាមរយៈ ប្រព័ន្ធអនឡាញ ស្តីអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍សេវកម្មការិយាល័យកម្មសិទ្ធិបញ្ញា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្ដម ចម ប្រសិទ្ធ បានជម្រាបជូនអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយ អង្គភាពកម្មសិទ្ធិបញ្ញាធំៗមួយចំនួន រួមមានដូចជា៖អង្គភាពកម្មសិទ្ធិបញ្ញា សឹង្ហបុរី-ជប៉ុន-កូរ៉េ-អឺរ៉ុប-ចិន និងអង្គភាពប្រកាសនីយបត្រតក្កកម្ម ពាណិជ្ចកម្មសហរដ្ឋអាមេរិក(USPTO)។

ឯកឧត្តម Daren Tang អគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក បានជម្រាបជូនលទ្ធផលដែលសម្រេចបាន ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអំពីការផ្តល់ជំនួយបច្ចេកទេស ផ្នែកព័ត៌មានវិទ្យាដល់អង្គភាព កម្មសិទ្ធបញ្ញា នៃប្រទេសជាសមាជិកចំនួន៩០ ប្រទេស ។

ពិធីចុះហត្ថលេខានេះ គឺអង្គការ WIPO នឹងផ្តល់ជំនួយបច្ចេកទេស ដល់ក្រសួង ក្នុងការលើកកំពស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនាន់ទី៣ ( Industrial Property Automation System Version 3 [IPAS-3]) ទៅជាជំនាន់ទី៤ Version 4 ដែលហៅពេញថា IPAS-4 សម្រាប់កែលម្អរប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឲ្យមានប្រសិទ្ធភាព បម្រើដល់ការបោះពុម្ពផ្សាយ តាមអេឡិចត្រូនិច(e-Publication) -ការដាក់ពាក្យសុំតាមអេឡិចត្រូនិច (e-filing) -ការគ្រប់គ្រងសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម-បណ្តុះបណ្តាល មន្ត្រីអំពីការប្រើប្រាស់ប្រព័ន្ធ IPAS-4-ការផ្តល់ជំនួយបច្ចេកទេស ក្នុងការបង្កើតមជ្ឈមណ្ឌលគាំទ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (TISC) ដើម្បីជួយជម្រុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ-១៩។ អង្គការ WIPO បាន
សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់អង្គការ WIPOដែលមានកិច្ចសហប្រតិប្តិការល្អ ការផ្តល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍព័ត៌មានវិទ្យានៅកម្ពុជា ។ ដោយ៖ វ៉េង លឹមហួត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner