ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបាន ហ្សកដានី ចោទប្រកាន់ថាដាក់អ្នកចាំទីបុរស ក្នុងការប្រកួតបាល់ទាត់នារី
ក្រុមជម្រើសជាតិអ៊ីរ៉ង់ត្រូវបាន ក្រុមជម្រើសជាតិហ្សកដានី ចោទប្រកាន់ថា បានដាក់អ្នកចាំទី បុរសក្នុងការប្រកួតបាល់ទាត់នារី Women’s Asian Cup វគ្គជម្រុះ កាលពីថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ។

ក្រោយក្រុមហ្សកដានី បានចាញ់ ក្រុមអ៊ីរ៉ង់ ដោយកាស៊ុតបាល់កាត់សេចក្តី១១មែត្រ ក្នុងលទ្ធផល ៤-២ ក្រោយស្មើគ្នា ០ទល់០ ធ្វើឲ្យអ៊ីរង់បានចូលទៅប្រកួតដណ្ដើមពាននេះជាលើកដំបូង។
ដោយសារតែមិនអស់ចិត្តនឹងលទ្ធផលបែបនេះ ព្រះអង្គម្ចាស់ Ali bin al-Hussein ប្រធានសហព័ន្ធបាល់ទាត់ហ្សកដានី ក៏បានចោទប្រកាន់ថាអ៊ីរ៉ង់ដាក់អ្នកចាំទីជាបុរស ចូលប្រកួតខាងលើ និងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះក៏បានបង្ហោះ Twitter ស្នើសុំទៅខាងសហព័ន្ធបាល់ទាត់អាស៊ី ឲ្យត្រួតពិនិត្យភេទអ្នកចាំទីអ៊ីរ៉ង់ Zohreh Koudaei។

ទាក់នឹងរឿងនេះ អ្នកស្រី Maryam Irandoost គ្រូបង្គោលក្រុមជម្រើសជាតិអ៊ីរ៉ង់បានចេញមុខបដិសេធលើការចោទប្រកាន់នេះ ដោយថាក្រុមហ្សកដានីយកបង្កើតបញ្ហានេះ ដើម្បីលុបលាងលទ្ធផលចាញ់ខាងលើ។ មិនប៉ុណ្ណោះខាងគ្រូក្រុមអ៊ីរ៉ង់នេះក៏បានបញ្ជាក់ផងដែរថាអ្នកចាំទីរបស់ខ្លួនរូបនេះ ក៏ធ្លាប់ចូលលេងវគ្គជម្រុះ Women’s Asian Cup នេះកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១០ផងដែរ ហើយក្រុមរបស់អ្នកស្រីនឹងបង្ហាញឯកសារទាក់ទងនឹងការពិនិត្យភេទលើ Zohreh Koudaei នេះបើខាងសហព័ន្ធបាល់ទាត់អាស៊ីត្រូវការ ៕
ប្រភព ៖ The Sun