ថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក បណ្តែតប្រទីប០៣ថ្ងៃ ខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍មកកម្សាន្ត និងស្នាក់នៅ សរុបជិត ៤ម៉ឺននាក់

ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប រយៈពេល ៣ថ្ងៃ ខេត្តបាត់ដំបង ទទួលបាននូវភ្ញៀវទេសចរដែលភាគច្រើនជាភ្ញៀវទេសក្នុងស្រុក ប្រមាណជិត ៤ម៉ឺននាក់ កើនលើសឆ្នាំមុនជាងពាក់កណ្ដាល។

       នេះបើតាមការគូសបញ្ជាក់ពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានថ្លែងឲ្យដឹងថា៖ នៅក្នុងឆ្នាំនេះ។ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក ដែលបានមកកម្សាន្តលេងនៅតាមតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញពេញនិយម និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង រយៈពេល០៣ថ្ងៃ នៅក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែ(ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១) គឺមានភ្ញៀវទេសចរជិត៤ម៉ឺននាក់ ដែលបានមកដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត គឺ៖មានចំនួនសរុប ៣៨.៦៦៧នាក់ មានកើនឡើង៥៦,៧៩% បើធៀបនឹងឆ្នាំ២០២០គឺ៖មានភ្ញៀវចំនួន ២៤.៦៦២នាក់។លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ មានចំនួន ៣៨.៦០៤នាក់ កើនឡើង៥៦,៧២%។ ហើយបើធៀប ជាមួយនឹងឆ្នាំ២០២០ គឺមានភ្ញៀវចំនួនតែ ២៤.៦៣២នាក់។ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងសរុប៦៣នាក់ កើនឡើង១១០.០០ % បើធៀបជាមួយនឹងឆ្នាំ២០២០ ដែលមានចំនួនតែ ៣០នាក់។

      លោក ហម អរុណ ក៏បានលើកឡើងឲ្យដឹងផងដែរថា៖ ជាការកត់សម្គាល់របស់ក្រុមការងារចុះតាមដាននិងធ្វើការត្រួតពិនិត្យពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមា(SOP)ដែលបានកំណត់ដោយក្រសួងទេសចរណ៍ និងពីក្រសួងសុខាភិបាលគឺម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងនោះបានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ទៅតាមវិធានសុវត្តិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្ដង់ដារជាអប្បបរិមា(SOP)ទៅតាមគន្លងក្រតីភាពថ្មីនៃបរិបទកូវីដ-19 ដោយពួកគេបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដោយតម្រូវឱ្យបុគ្គលិកបម្រើភ្ញៀវ ត្រូវពាក់ម៉ាស់ រង់ចាំវាស់កម្តៅនិងបាញ់អាល់កុលជូនភ្ញៀវ និង តម្រូវឱ្យភ្ញៀវដែលចូលទៅកម្សាន្តលេងនៅទៅទីនោះ(ស្កេនQR-Code) មុននឹងចូល និងណែនាំភ្ញៀវ ពីការរក្សាគម្លាតសង្គម ជាដើម។

       លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានថ្លែងត្អូញត្អែរផងដែរថា៖ បើទោះបីមានការចូលរួមនិងការអនុវត្តវិធានសុវត្ថិភាពរបស់ម្ចាស់រមណីយដ្ឋានយ៉ាងណាក៏ដោយ តែវាក៏នៅមានភាពខ្វះចន្លោះប្រហោងមួយចំនួនដោយសារតែទីតាំងកម្សាន្ត និងចំនួនភ្ញៀវទេសចច្រើនបានបង្កនាំអោយការរក្សានូវគម្លាតសង្គមមិនបានអនុវត្តល្អគ្រប់ជ្រុងជ្រោយនៅឡើយ។ តែទោះជាយ៉ាងណាក្រុមការងារបានព្យាយាមណែនាំឲ្យម្ចាស់រមណីយដ្ឋានទាំងអស់នោះ ត្រូវបន្តខិតខំក្នុងការពង្រឹងនូវការត្រួតពិនិត្យជាប្រចាំ ក្នុងការវាស់កម្តៅភ្ញៀវពេលចូល កំណត់ឲ្យភ្ញៀវពាក់ម៉ាស់និងត្រូវបាញ់អាល់កុលជូនភ្ញៀវមុនចូលដើម្បីធានាដល់សុខសុវត្ថិភាពទេសចរណ៍ និងការកម្សាន្តលេងរបស់ភ្ញៀវទាំងនោះ។

        លោក ហម អរុណ ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមឲ្យដឹងទៀតថា៖ ក្រោយពីមានការបើកដំណើរការប្រទេសពេញលេញឡើងវិញពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗច្រើន។ ដោយឡែកក្នុងថ្ងៃឈប់សម្រាក០៣ថ្ងៃនេះតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង ដែលភ្ញៀវពេញនិយមតែងតែទៅលេងកម្សាន្ត រួមមានរមណីយដ្ឋានភ្នំប្រាសាទបាណន់,ភ្នំសំពៅ,ប្រាសាទឯកភ្នំ, ទំនប់អាងកំពីងពួយ,ទឹកធ្លាក់ចំការស្វាយ, ស្ទឹងថ្មដាចំការទុរេន,តំបន់ទឹកធ្លាក់៥៣ភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក,ភ្នំកំពូល,ចំការទុរេនអូរតង, រមណីយដ្ឋាន វាលចម្បាំង ខេមសាយ,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,សហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារព្រែកទាល់, ស្ទឹងក្រញូង,រមណីយដ្ឋានស្ទឹងថ្វាក,ចំការមៀន,វត្តភ្នំចំបាំង,មណ្ឌលកម្សាន្ត សួនទឹសុភមង្គល,ផ្ទះផ្កា Begonia, សួនច្បារមាត់ស្ទឹង,សួនផ្កា ភ្នំសំពៅ, សួនផ្កាឈើទាល និងជាមណ្ឌលកម្សាន្តឡូរី ជើងភ្នំបាណន់ ជាដើម។

        លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានធ្វើការសន្និដ្ឋានដោយផ្តោតការវាយតម្លៃពីការអនុវត្ត (SOP) នៅតាមរមណីយដ្ឋាននិងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត និងពីការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ គឺមានការយល់ដឹងច្រើននិងបានចូលរួមក្នុងការអនុវត្ត នូវការការពារខ្លួនពីជំងឺកូវីដ-19 និងមានការចូលរួមក្នុងការរក្សានូវសណ្តាប់ធ្នាប់សុខសុវត្ថិភាពជូនភ្ញៀវទេសចរ ពីសំណាក់កងកម្លាំងទាំង៣ប្រភេទនៅតាមតំបន់កម្សាន្តទាំងនោះ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner