កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ គឺជាមោទនភាពជាតិ ក្រោមដំបូលសន្តិភាព

ព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាផ្លូវការហើយ បន្ទាប់ពីឯកឧត្តមបណ្ដិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះជារាយការណ៍ជូនជាតិរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងពេលដែលដំណើរការសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងពិធីចុះហត្ថលេខាជាផ្លូវការ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់។ តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី៤៥ប្រទេសបានអបអរសាទរជូនចំពោះ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា»។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលនេះមានបណ្តាប្រទេសនានានឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះ កម្ពុជាយើង។ ដូច្នេះមោទនភាពនេះគឺបានកើតមានឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូកម្ពុជាមកចូលរួមចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាយុវជនជាប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ។ នេះជាសំណាងរបស់យុវជនរបស់កម្ពុជាយើង និងជាសំណាងរបស់ប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយជាតិប្រទេសអារ៉ាប់ទាំងអស់ និងបណ្តាយផ្សព្វផ្យាយអន្តរជាតិបានចូលរួមផ្តិតយករូបភាពពីពិធីចុះហត្ថលេខានេះទៅផ្សព្វផ្សាយទូទាំងពិភពលោក។ក្នុងនាមគណៈប្រតិភូកម្ពុជា ក្នុងបេសកកម្មអន្តរជាតិនេះ ឯកឧត្តម វ៉ាត់ ចំរើន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានគាំទ្រដល់វិស័យកីឡាជានិច្ច ព្រមជាមួយនឹងការរួមចំណែកកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាយើងទាំងមូល។

សូមបញ្ជាក់ថា បេសកកម្មអន្តរជាតិ នៅប្រទេសអារ៉ាប់រួមនេះ គណៈប្រតិភូកីឡាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រួមជាមួយឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនទៀត៕

(ប្រភព CAMSOC)

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner