ការស្រាវជ្រាវរកឃើញថា ការរលាយទឹកកកនៅ Greenland កើនឡើង២១ភាគរយ ដែលបង្កើនហានិភ័យទឹកជំនន់ទូទាំងពិភពលោក
បរទេស៖ ការស្រាវជ្រាវមួយចុះផ្សាយលើទិនានុប្បវត្ដិ Nature Communications រកឃើញថា ការរលាយទឹកកកនៅកោះហ្រ្គោអង់ឡង់ បានកើនឡើង២១ភាគរយ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ខណៈការរលាយមានការប្រែប្រួលប្រមាណ៦០ភាគរយ ក្នុងចន្លោះពីរដូវក្តៅមួយ ទៅរដូវក្តៅបន្ទាប់។
ការរលាយទឹកកកនេះបានធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើង ដែលជាកត្តាបង្កើនហានិភ័យនៃទឹកជំនន់ចំពោះប្រទេសឆ្នេរសមុទ្រទូទាំងពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទឹកកកចំនួន ៣,៥ទ្រីលានតោនបានរលាយចេញពីផ្ទៃកោះរបស់ដាណឺម៉ាកមួយនេះ ហើយហូរចូលទៅក្នុងមហាសមុទ្រ។ ទឹកដែលបានរលាយពីទឹកកកទាំងនោះ មានចំណុះច្រើនគ្រប់គ្រាន់អាចគ្របដណ្តប់អង់គ្លេសទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក១៥ម៉ែត្រ ឬអាចគ្របដណ្តប់ទីក្រុងញូវយ៉កទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក៤.៥០០ម៉ែត្រ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ទឹកកកដែលរលាយពីហ្រ្គោអង់ឡង់ បានបង្កើនកម្ពស់ទឹកសមុទ្រទូទាំងពិភពលោកមួយសង់ទីម៉ែត្រ។ ប៉ុន្តែមួយភាគបីនៃកម្ពស់ទឹកដែលបានកើននេះ គឺបានកើតក្នុងរដូវក្តៅចំនួន២ប៉ុណ្ណោះ ពោលគឺឆ្នាំ ២០១២ និង២០១៩។ ឆ្នាំទាំងពីរនេះមានអាកាសធាតុក្តៅខ្លាំង ដែលបំបែកកំណត់ត្រានៃការរលាយទឹកកកខ្លាំងជាងគេបង្អស់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។
គួរជម្រាបថា ការលាយទឹកកកនៅ Greenland មិនត្រឹមតែបង្កើនកម្ពស់ទឹកសមុទ្រប៉ុណ្ណោះទេ វាក៏បានរំខានដល់ប្រព័ន្ធជីវចម្រុះក្នុងមហាសមុទ្រអាក់ទិក ដែលជាប្រភពអាហាររបស់ជនជាតិដើមរស់នៅទីនោះ។ បន្ថែមលើនេះ វាអាចផ្លាស់ប្ដូរចរន្តទឹកសមុទ្រ និងបរិយាកាសដែលអាចបង្កផលប៉ះពាល់ដល់លក្ខខណ្ឌអាកាសធាតុភពផែនដីផងដែរ៕