អានុសាសន៍ចំនួន៤ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងចិន

អត្ថបទដោយ៖
AMS OneMinute

ទី១៖ សូមមិត្តចិនបន្តផ្តល់ជំនួយដល់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ និងបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។

ទី២៖ អាស៊ាន-ចិន គប្បីបន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥(MPAC 2025) និងគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្មនិងចលនាប្រជាជន។ ការទាញប្រយោជន៍ជាអតិបរិមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និង RCEP ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០។

ទី៣៖ កម្ពុជាស្វាគមន៍គំនិតផ្ដួចផ្តើមការអភិវឌ្ឍសកលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ និងក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

ទី៤៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។

២២ វិច្ឆិកា ២០២១

ads banner