សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ប្រធានាធិបតីចិន

ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ព្រោះថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

ការស្វាគមន៍នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។

នៅក្នុងកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យម និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ចំពោះវិស័យសេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ចិនឱ្យគាំទ្រដល់ការចាប់ផ្តើមឡើងវិញនៃការធ្វើដំណើររវាងអាស៊ាន និងចិន ដើម្បីពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការបន្ស៊ីគ្នារវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ សម្តេចតេជោ បានលើកទឹកចិត្តដល់ភាគីទាំងពីរ អាស៊ាននិងចិន ឱ្យព្យាយាមទាញយកផលប្រយោជន៍ជាអតិបរមាពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ តំបន់ (RCEP) សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងនាំមកនូវវិបុលភាពរួមស្របតាមចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ២០៣០។

ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាប្រព័ន្ធពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់បញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី ឈរលើស្មារតីជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដា ភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅឆ្នាំ២០២២។

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន រួមមាន ១) កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ២) កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិនដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ៣) កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ខណៈចិន នឹងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ៤) កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការ អភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ និង៥) កសាងផ្ទះមួយដែលប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner