សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេលបុណ្យអុំទូក៣ថ្ងៃ បូកទាំងថ្ងៃអាទិត្យ ភ្ញៀវទេសចរណ៍ ដើរកម្សាន្ដជាង ១លាននាក់

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបូកថ្ងៃអាទិត្យទៀត មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងដើរកម្សាន្ដជាង១លាននាក់ ធ្វើឲ្យចរន្ដសេដ្ឋកិច្ចនៅតាមជនបទ និងទីក្រុង ងើបឡើងវិញជាបណ្តើរៗ ។

សម្ដេចតេជោមានប្រសាសន៍ថា ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ជាឱកាសដើម្បីរុញទេសចរណ៍ផ្ទៃក្នុង ពិតប្រាកដមែន ៣ថ្ងៃនៃបុណ្យអុំទូក បូកនឹងមួយថ្ងៃអាទិត្យជាង១លាន១សែននាក់ បានដើរលេងក្នុងផ្ទៃប្រទេស ធ្វើឲ្យចរន្ដសេដ្ឋកិច្ចជនបទងើបឡើង ចរន្ដសេដ្ឋកិច្ចនៅទីក្រុងងើបឡើង ។

សម្ដេចបន្ដថា បច្ចុប្បន្នសំឡេងភ្លេងការ ក៏កំពុងចាប់ផ្ដើម ប៉ុន្ដែមិនត្រូវភ្លេចវិធានការការពារឡើយ ។ សម្ដេច ក៏មានមោទកភាពចំពោះប្រជាជនកម្ពុជា ទោះគេបំផុសថា ចាក់វ៉ាក់សាំងកូវីដទៅស្លាប់ក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែទៅចាក់ស្ទើរគ្រប់គ្នា ។

សម្តេចតេជោ ក៏បានសម្តែងក្តីរីករាយជាអនេកដែលពលរដ្ឋខ្មែរ បាននឹងកំពុងអនុវត្តនូវវិធានការ៣កុំ ៣ការពារបានយ៉ាងល្អ និងសស្រាក់សស្រាំចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រហូតធ្វើឲ្យអត្រានៃការឆ្លងប្រចាំថ្ងៃ នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅថ្ងៃម្សិលមិញ គឺការឆ្លងត្រឹម ៣៩ នាក់ គឺកម្រិតក្រោម៥០នាក់ ក្នុងមួយថ្ងៃ ។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរបន្តអនុវត្តនូវវិធានការការពារខ្លួន ហើយការសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅកម្ពុជាពេលនេះ គឺនឹងបន្តបើក ដោយមិនថយក្រោយនោះទេ ខណៈនៅបណ្តាប្រទេសអឺរ៉ុប កំពុងជ្រួលច្របល់ពេញប្រទេសដោយធ្វើបាតុកម្ម ព្រោះប្រទេសខ្លះនៅអឺរ៉ុប គ្រោងនឹងបិទប្រទេសឡើងវិញ នាំឲ្យអ្នកដែលចាក់វ៉ាក់សាំងរួចក៏មិនសប្បាយចិត្ត និងអ្នកមិនព្រមចាក់វ៉ាក់សាំងក៏ធ្វើបាតុកម្មប្រឆាំងផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១១៩.៩០៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៦.២៨៦នាក់ និងអ្នកស្លាប់ចំនួន២.៩០៥នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner