សំណុំរឿងជួញដូរអាវុធ : សមត្ថកិច្ចបញ្ជូនខ្លួនឧត្តមសេនីយ៍យោធា និង បក្ខពួកប្រាំនាក់ទៅតុលាការ
ភ្នំពេញ:សមត្ថកិច្ចបានបញ្ជូនខ្លួនឧត្តមសេនីយ៍យោធាម្នាក់និងបក្ខពួកចំនួនប្រាំនាក់ពាក់ព័ន្ធសំណុំរឿងជួញដូរអាវុធនៅខេត្តបាត់ដំបងជាប់ព្រំដែនថៃ ទៅសាលាដំបូងងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆកា នេះ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ករណីខាងលើនេះតំណាងអយ្យការបានបើកការស៊ើបសួរ និងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។
![](https://asset.ams.com.kh/central/media/photo_2021-11-21_21-09-58-1024x768.jpg)
ដំបូងកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិបានចាប់ខ្លួនជាបន្តបន្ទាប់នូវឧត្តមសេនីយ៍យោធាម្នាក់និងបក្ខពួកចំនួនពីរនាក់ក្នុងសំណុំរឿពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ខែវិច្ឆិកានៅទីកន្លែងផ្សេងគ្នា។ក្នុងនេះឧត្តមសេនីយ៍យោធា ចាប់ខ្លួននៅមុខភោជនីយដ្ឋានស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មន្ត្រីយោធាដែលត្រូវបានចាប់ខ្លួនមាន៖ ១ . ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ ភេទប្រុស អនុប្រធានរោងជាងជួសជុលចម្រុះ (k4) អគ្គនាយកដ្ឋានបច្ចេកទេសសម្ភារក្រសួងការពារជាតិចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែវិច្ឆិកានៅទីរួមខេត្តសៀមរាប។ ២. វរ:សេនីយទោ ប៉ុល នី ភេទប្រុស មន្ត្រីយោធានៅអង្គភាពសឹករង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅស្រុកកំរៀងខេត្តបាត់ដំបង។ ៣. ព្រិន្ទបាលឯក វី វិនហាយ យោធាសឹករងស្រុកភ្នំព្រឹខេត្តបាត់ដំបងចាប់ខ្លួនកាលពីថ្ងៃទី១៩ខែវិច្ឆិកានៅស្រុកកំរៀង។រីឯបក្ខពួកចំនួនបីនាក់ទៀតសមត្ថកិច្ច ពុំទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។
ខណៈនេះសមត្ថកិច្ចកំពុងតែចាប់ខ្លួនអ្នកដែលពាក់ព័ន្ធមួយចំនួនទៀតដើម្បីយកមកផ្តន្តាទោសតាមច្បាប់។
![](https://asset.ams.com.kh/central/media/photo_2021-11-12_19-45-35-768x1024.jpg)
នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់AMSកាលពីម្សិលមិញថាការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ដែលពាក់ព័ន្ធទៅនឹងអាវុធដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃគឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ។យើងបានឃាត់ខ្លួនបុគ្គលយោធិន ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍តាមចម្លើយរបស់ជនល្មើសដែលខាង នគរបាលបានចាប់ខ្លួនបាន។ក្រោយធ្វើការឃាត់ខ្លួនសាកសួរគឺមានការពាក់ព័ន្ធនឹងការជួញដូរអាវុធដូចដែលខាងនគរបាលបាន ស៊ើបអង្កេតឃើញមែន។យើងបានធ្វើការឃាត់ខ្លួនមនុស្សបីនាក់ មានឧត្តមសេនីយ៍ត្រីម្នាក់ និង ព្រិន្ទបាលឯកម្នាក់ទៅកាន់តុលាការហើយ ហើយតុលាការក៏បានឃុំខ្លួនហើយ”។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា ចំពោះបក្ខពួកមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងក្រុមជួញដូរអាវុធនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងបន្តដើម្បីធ្វើការបង្ក្រាប៕ ដោយៈ ពលជ័យ