សម្តេចតេជោ ហ៊ុន សែន ៖ កំណើនសេដ្ឋកិច្ចកម្ពុជាចុងឆ្នាំ២០២១នេះ អាចនឹងកើនឡើងលើសពីផែនការ
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ចរន្តសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនមកវិញ ដោយសារតែការបើកប្រទេស ហើយស្ថានភាពបែបនេះ សម្តេចបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចុងឆ្នាំនេះអាចនឹងកើនឡើងលើសពីផែនការ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»។ សម្តេចតេជោ ហ៊ុនសែន បន្តថា ក្នុងផែនការកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ អាចត្រឹម២,៤ភាគរយ ប៉ុន្តែអង្គការខ្លះថា ២,៨ភាគរយ បើសិនកំណើនសេដ្ឋកិច្ច២ខែនេះល្អនោះ កំណើនសេដ្ឋកិច្ចយើងអាចឈានដល់ក្បែរ ៣ភាគរយ។
ចំណែកនៅឆ្នាំក្រោយ ដាក់ត្រឹម ៤,២ភាគរយ តែសម្តេចសង្ឃឹមថា អាចនឹងលើស ៥ភាគរយ ពីព្រោះទី១ វិស័យកសិកម្មនៅដំណើរការធម្មតាទាំងអស់ និងលើសផែនការទៅទៀត ការនាំចេញវិស័យនេះមានទំហំទឹកប្រាក់ធំជាងមុនឆ្ងាយ។ កម្ពុជានឹងចរចាជាមួយចិនជាកញ្ចប់ទៅលើបញ្ហានាំត្រង់នូវកសិផលរបស់កម្ពុជា៕