កម្ពុជារកចំណូលជាង ៤៤៥លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូនៅរយៈពេល ១០ខែ ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានអោយដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៤៤៥លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។
បើតាមរបាយការណ៍ដដែលនេះ ចំណូលសរុប១០ខែ ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៤៥លាន៩៩៨.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៤៤៣លាន៧៩ម៉ឺន៣ពាន់៥៥៣ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ១លាន២០ម៉ឺន៧ពាន់៤៤៥.៨៤ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦ម៉ឺន៦ពាន់៧៦៥តោន កើនឡើងចំនួន ២ម៉ឺន៣ពាន់៦៣៩តោន ស្មើនឹង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៥ពាន់១២៨ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែតុលា ឆ្នាំ២០២១ ថ្លៃ១ពាន់៦៦៤ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន៣៥៤ដុល្លារក្នុងមួយតោន ស្មើនឹង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺន៤ពាន់១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១ម៉ឺន៤ពាន់៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨ម៉ឺន៩ពាន់៨៤១ហិកតា ស្មើនឹង២២%។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕