កម្លាំងអាវុធហត្ថបានបញ្ជូនជនសង្ស័យទាំង១១នាក់ ទៅតុលាការ ពាក់ព័ន្ធការផ្ទុះអាវុធ និងវាយសមត្ថកិច្ចនៅផ្សាររាត្រីទឹកពុះក្រុងប៉ោយប៉ែត


ការបញ្ជូនខ្លួនជនសង្ស័យទាំង១១នាក់នេះគឺបានធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពាក់ព័ន្ធការផ្ទុះអាវុធ និងប្រើហិង្សាមកលើកងកម្លាំងអាវុធហត្ថ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ បានបញ្ជាក់នៅថ្ងៃអង្គារិ៍នេះថា ករណីនេះបង្កឡើងដោយជនសង្ស័យ មួយក្រុមមានគ្នាប្រហែល៣០នាក់ ជិះរថយន្តចំនួន៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាង ABC ក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន៥នាក់។
របាយការណ៍ដដែល បានបន្តទៀតថា ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមក ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះ។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ ប៉ុន្តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបានបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ និងបានប្រើប្រាស់កាំភ្លើងខ្លី ពុំស្គាល់ម៉ាក បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ និង កម្លាំងអាវុធហត្ថ២នាក់ទៀតបាន រងរបួសស្រាលដោយសារត្រូវ នឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យ ម្នាក់រងរបួសចំជើង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា កម្លាំងចុះបង្រ្កាបករណីនេះ ដោយឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច ពួកគេបានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិះរថយន្ត២គ្រឿង ដែលមានភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួន០២គ្រឿងទៀត ពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត,ចំណែកបក្ខពួកជនបង្ក៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner