រដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល នៅតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

កំពត ៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមអ្នកផ្តល់សេវាត្រូវអនុវត្តនូវគោលការណ៍មួយចំនួនរួមមាន ១-មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព ។
២-រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរបស់ខ្លួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងរបៀបរបបបំពេញការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីផ្តល់សេវាឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីថាប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាព តម្លាភាព និងគ្មានការរើសអើង ។

៣-ថ្វិត្បិតតែការផ្ដល់សេវាទាំងនោះត្រូវបានអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយក៏ពិតមែន ប៉ុន្តែការផ្តល់យោបល់ជំនាញបច្ចេកទេសនៅតែជាកិច្ចការស្នូលរបស់ការិយាល័យជំនាញនីមួយៗដដែល។ មានន័យថាការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ស្រុកត្រូអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបែបបទ នីតិវិធីនានាដែលកំណត់ដោយក្រសួង ស្ថាប័នរបស់ខ្លួន ។

៤-មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការផ្តល់សេវារដ្ឋបាលតាមវិស័យរបស់ខ្លួន ឲ្យបានលឿនស្របតាមក្របខណ្ឌពេលវេលា និងគោលការណ៍ដែលបានកំណត់ ធ្វើយ៉ាងឱ្យការអនុវត្តនូវកំណែទម្រង់នេះមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិចផងដែរ។

ឯកឧត្តម បានស្នើដល់សិក្ខាកាមដែលកំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) មេត្តាយកចិត្តទុក ដាក់ស្ដាប់ការធ្វើបទបង្ហាញ ចូលរួមចែករំលែកបទពិសោធន៍ និងចោទសួរជាសំណួរនានាពាក់ព័ន្ធនឹងការធ្វើបទបង្ហាញឱ្យបានផុលផុស ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត ៕ SilaSarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner