រថយន្តដឹកឥដ្ឋមួយគ្រឿង ជាន់ហ្វ្រាំងមិនស៊ី បុករះសង្ហ័សី បណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំង
ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ចុះពីលើស្ពានព្រែកព្នៅ ជាន់ហ្វ្រាំងមិនស៉ី ម្ចាស់រថយន្តសម្រេចចិត្តបួងចង្កួតឡើងសួន បុករះសង្ហ័សីហុំព័ទ្ធការដ្ឋាន បណ្តាលឱ្យរងការខូចខាតអស់ជាច្រើនផ្ទាំង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចចុងស្ពានព្រែកព្នៅ ខាងលិច មូលដ្ឋានសង្កាត់ព្រែកព្នៅ ខណ្ឌព្រែព្នៅ។
តាមប្រភពព័ត៌មានពីបុរសជាម្ចាស់រថយន្តធន់ធំដឹកឥដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប៊ិច ពាក់ស្លាក ភ្នំពេញ 3A-7750 បានធ្វើដំណំតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ខណៈឡើងស្ពានរួចចុះពីលើស្ពានវិញ ស្ថានភាពផ្លូវ ក៏មានការកក់ស្ទះបន្តិចបន្តួចផងដែរ បានជាន់ហ្វ្រាំងតែជាន់មិនជាប់ទៅមុខត្រង់ និងនៅផ្នែកខាងស្ដាំដៃមានរថយន្ត និងម៉ូតូបងប្អូនធ្វើដំណើរច្រើនជៀសវាងបង្កគ្រោះថ្នាក់ និងបំផ្លាញដល់ទ្រព្យសម្បិត្តដល់អ្នកដទៃ ទើរូបគាត់បានសម្រេចចិត្តបួងចង្កួតមកខាងឆ្វេងឡើងសួន បុករះសង្ហ័សីហុំព័ទ្ធការដ្ឋាន បណ្តាលឱ្យរងការខូចខាតបាក់អស់ជាច្រើនផ្ទាំងតែម្តង។ តែសំណាងល្អ ក្នុងករណីនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចសម្របសម្រួលចរាចកុំឱ្យមានការកក់ស្ទះ ហើយទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត