តុលាការ ICC ផ្អាកធ្វើការស៊ើបអង្កេតយុទ្ធនាការសង្គ្រាមប្រឆាំងនឹងគ្រឿងញៀននៅហ្វីលីពីនបណ្ដោះអាសន្ន

អយ្យការ​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​កាត់​ថា ICC បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​អំពី​ការ​ផ្អាក​ការ​ស៊ើបអង្កេត​ជា​បណ្ដោះអាសន្ន​ទៅ​លើ​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ យុទ្ធនាការ​នេះ​ជា​គោលនយោបាយ​មួយ​របស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី​ហ្វីលីពីន​ ដែល​សម្លាប់​អ្នក​ប្រើប្រាស់​ និង​អ្នក​ជួញដូរ​គ្រឿង​ញៀន​ក្រៅ​ផ្លូវ​តុលាការ។

ខាង​តុលាការ ICC បាន​បញ្ជាក់​ពី​ហេតុផល​ក្នុង​ការ​ផ្អាក​នេះ​ថា ដោយសារ​តែ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដាក់​សំណើ​មក​កាន់​ខ្លួន​ក្នុង​ការ​ពន្យារ​ពេល​នៃ​ការ​ស៊ើបអង្កេត។ ក្នុង​លិខិត​នោះ​ដែរ រដ្ឋាភិបាល​ហ្វីលីពីន​បាន​លើកឡើង​ថា ខ្លួន​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ករណី​នៃ​ការ​សម្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​នេះ​ហើយ។

យ៉ាងណាក៏ដោយ រឿងរ៉ាវ​នេះ​ធ្វើ​ឱ្យ​គ្រួសារ​ជន​រងគ្រោះ​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ លោកស្រី Normita Lopez អាយុ ៥៧ឆ្នាំ ហើយ​មាន​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​យុទ្ធនាការ​ខាង​លើ​នេះ បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ថា៖ «ខ្ញុំ​ពោរពេញ​ទៅ​ដោយ​កំហឹង​ខ្លាំង​ណាស់។ ខ្ញុំ​ស្ទើរ​តែ​គប់​ទូរស័ព្ទ​ខ្ញុំ​ចោល​ទៅ​ហើយ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ព័ត៌មាន​នេះ»។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ពី​ការ​សម្លាប់​រង្គាល ដោយសារ​តែ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ហ្វីលីពីន។ ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​របស់​រដ្ឋការ​លោក ឌូតឹរតេ បាន​ចាប់​ផ្ដើម​ត្រួតពិនិត្យ​ ៥០ករណី​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នេះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស​ហ្វីលីពីន លោក Menardo Guevarra បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រសួង​ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ស្វែងរក​យុត្តិធម៌៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner