បក្សប្រឆាំងវេណេស៊ុយអេឡាលើកឡើងថាគណបក្សខ្លួនត្រូវតែរៀបចំឡើងវិញបន្ទាប់ពីចាញ់ការបោះឆ្នោត
មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡាលោក Juan Guaido និយាយថា បក្សនយោបាយរបស់ខ្លួនគួរតែត្រូវរៀបចំឡើងវិញ ហើយឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់បក្ស បន្ទាប់ពីទទួលបរាជ័យយ៉ាងចាស់ដៃក្នុងការបោះឆ្នោត ហើយអំពាវនាវឱ្យមានការរួបរួមគ្នាក្នុងចំណោមមេដឹកនាំនៃចលនាដែលបែកបាក់។

ក្រោយពីធ្វើពហិការការមិនចូលរួមការបោះឆ្នោតជិត ៤ ឆ្នាំរួមទាំងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៨ និងការបោះឆ្នោតសភានៅឆ្នាំ ២០២០ គណបក្សប្រឆាំងវេណេស៊ុយអេឡាសម្រេចឈានជើងចូលប្រឡូកក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែលទ្ធផលដែលចេញដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) កាលពីថ្ងៃចន្ទបង្ហាញថា បក្សប្រឆាំងបរាជ័យដោយឈ្នះតែ ៣ រដ្ឋប៉ុណ្ណេះក្នុងចំណោម ២៣ រដ្ឋ ខណៈ ២០ រដ្ឋទៀតបានទៅលើគណបក្ស United Socialist Party (PSUV) ដែលកំពុងកាន់អំណាចរបស់លោកប្រធានាធិបតី Nicolas Maduro ។
គណបក្ស PSUV និងសម្ព័ន្ធមិត្តមានជំហរល្អក្នុងការដណ្តើមយករដ្ឋពីរចុងក្រោយ ខណៈដែលបេក្ខជន PSUV ម្នាក់ក៏ឈ្នះឆ្នោតចូលកាន់តំណែងអភិបាលក្រុងនៅរដ្ឋធានីការ៉ាកាសផងដែរ។ លោកប្រធានាធិបតីកាលពីថ្ងៃអាទិត្យ អបអរលទ្ធផលនៃការបោះឆ្នោតថាជាជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍។
វាជាលើកដំបូងហើយក្នុងរយៈពេលជិត ៤ ឆ្នាំ ដែលក្រុមប្រឆាំងប្រកួតប្រជែងការបោះឆ្នោតថ្នាក់តំបន់ និងក្រោមវត្តមានរបស់អ្នកសង្កេតការណ៍សហភាពអឺរ៉ុប (EU) ជាង ១៣០ នាក់។ អាជ្ញាធររៀបចំការបោះឆ្នោតនិយាយកាលពីថ្ងៃចន្ទថា ៤២,២ ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតទាំង ២១ លាននាក់របស់វេណេស៊ុយអេឡាទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
លោក Guaido អតីតប្រធានសភាដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាជាមេដឹកនាំដ៏ត្រឹមត្រូវរបស់វេណេស៊ុយអេឡានិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឆាំងចាំបាច់ត្រូវរៀបចំខ្លួនឡើងវិញ បន្ទាប់ពីលទ្ធផលធ្វើឱ្យខកចិត្ត។ លោកនិយាយថា៖ «ថ្ងៃនេះ ជាពេលវេលាសម្រាប់ការឆ្លុះបញ្ចាំងក្នុងចំណោមថ្នាក់ដឹកនាំរបស់យើង។ វាមិនមែនជាពេលវេលាសម្រាប់ការប្រកែកគ្នា ឬការប្រកាន់យកការរើសអើងក្នុងចំណោមមេដឹកនាំនយោបាយនោះទេ»។
លោក Guaido ក៏និយាយផងដែរថា អ្វីដែលកើតឡើងកាលពីថ្ងៃអាទិត្យបង្ហាញពីតម្រូវការជាក់ស្តែងសម្រាប់ការបង្រួបបង្រួមក្នុងចំណោមកងកម្លាំងប្រឆាំង ប្រសិនបើពួកគេត្រូវប្រជែងជាមួយគណបក្សកាន់អំណាច ឬលោក Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
អ្នកកាសែតរបស់ Al Jazeera ដែលសង្កេតការណ៍លើការបោះឆ្នោតអ្នកស្រី Teresa Bo និយាយថា៖ «ពួកគេ[បក្សប្រឆាំង]រំពឹងថា ការគ្រប់គ្រងនៅនឹងកន្លែងបោះឆ្នោតនឹងជួយឱ្យពួកគេសម្រេចបាននូវគោលបំណងរបស់ពួកគេ។ ទោះជាយ៉ាងណា អ្វីៗមិនសម្រេចដូចការគ្រោងទុកទេ»។ អ្នកស្រីបន្តថា៖ «បញ្ហាដ៏ធំបំផុតដែលក្រុមប្រឆាំងជួបប្រទះនោះគឺ ប្រហែល ៦០ ភាគរយនៃចំនួនប្រជាជនមិនបានទៅបោះឆ្នោត។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានការបែងចែកដ៏ធំដែលមាននៅក្នុងបក្សប្រឆាំងផងដែរ»។
អ្នកវិភាគនានាធ្លាប់និយាយមុនការបោះឆ្នោតថា ការសម្រេចចិត្តយឺតយ៉ាវរបស់គណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោត និងការប្រកែកគ្នាថាតើខ្លួនគួរតែឈរឈ្មោះបេក្ខជនឬយ៉ាងណា នឹងធ្វើឱ្យខូចការបង្ហាញរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ចោទប្រកាន់រដ្ឋាភិបាលរបស់លោក Maduro កាលពីព្រឹកថ្ងៃចន្ទថា រៀបចំការបោះឆ្នោតដោយធ្វើឱ្យមានដំណើរការខុសឆ្គង ដើម្បីកំណត់ជាមុននូវលទ្ធផលតាមរបស់គណបក្សលោក។ លោក Blinken ដោយលើកឡើងពីការយាយី និងការហាមប្រាមបេក្ខជនបក្សប្រឆាំង អ្នកបោះឆ្នោតលួចបន្លំ និងការចាប់ពិរុទ្ធជាដើម។
យ៉ាងណាមិញ របាយការណ៍បឋមពីអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុបដែលត្រូវចេញនៅថ្ងៃអង្គារ មិនទាន់មានបង្ហាញពីរបាយការណ៍មិនប្រក្រតីធំណាមួយអំពីការរំខានដូចការលើកឡើងរបស់លោក Blinken ទេ។
ប៉ុន្តែតាមការចុះផ្សាយរបស់កាសែត Washington Post អ្នកតស៊ូមតិសេរីភាពសារព័ត៌មានកត់ត្រាករណីអ្នកកាសែតយ៉ាងហោចណាស់ជាច្រើននាក់ទូទាំងប្រទេស ដែលត្រូវបានបដិសេធមិនឱ្យចូលទៅកាន់កន្លែងបោះឆ្នោត និងបង្ខំឱ្យលុបរូបភាពចេញពីកាមេរ៉ារបស់ខ្លួន។ លើសពីនេះ មានអ្នកតស៊ូមតិសិទ្ធិមនុស្សពីរនាក់ផ្សេងទៀតដែលថតរូបនៅកន្លែងបោះឆ្នោតនិយាយថា ពួកគេត្រូវបានឡោមព័ទ្ធ វាយប្រហារ និងប្លន់ដោយមនុស្សប្រហែល ២០ នាក់ពីលើម៉ូតូ។
អ្នកស្រី Maryhen Jimenez អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាមេរិកឡាទីននៃសាកលវិទ្យាល័យ Oxford និយាយថា៖ «រដ្ឋាភិបាលបង្ហាញម្តងទៀតថា ទោះបីជាមិនមានការគាំទ្រដ៏ពេញនិយមក៏ដោយ ក៏វានៅតែស្ថិតក្នុងអំណាចដោយសារតែខ្វះការប្រឆាំងជាមួយនឹងយុទ្ធសាស្រ្តសម្របសម្រួល»។
ជាមួយគ្នានោះ លោក Maduro និយាយកាលពីថ្ងៃអាទិត្យថា ការវិលត្រឡប់ទៅកាន់ការចរចានៅប្រទេសម៉ិកស៊ិកជាមួយក្រុមប្រឆាំងវេណេស៊ុយអេឡានឹងមិនកើតឡើងទេ រហូតដល់បេសកជនរដ្ឋាភិបាលដ៏ល្បីឈ្មោះលោក Alex Saab ដែលត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកក្រោមការចោទប្រកាន់ពីបទលាងលុយកខ្វក់ ត្រូវបានដោះលែង។
កិច្ចពិភាក្សាមួយដែលចាប់ផ្តើមតាំងពីខែសីហានោះ មានគោលបំណងស្វែងរកផ្លូវចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គមរបស់វេណេស៊ុយអេឡា។ លោក Guaido ថាលោកមានសុទិដ្ឋិនិយមថា រដ្ឋាភិបាលនឹងវិលត្រឡប់មកតុចចារវិញ ហើយថាលោកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអន្តរជាតិក្នុងការបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោក Maduro ។